ចុងសប្ដាហ៍ទី៣ ខែមេសា! កម្ពុជា ទទួលបានភ្ញៀវជិត៣៣ម៉ឺននាក់, ទោះបីបុណ្យចូលឆ្នាំបញ្ចប់ តែនៅមានអ្នកដើរកម្សាន្តច្រើនទៀត
ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញអំពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ ដោយនៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៣២៧,២៧០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១១,៥៥១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥,៧១៩នាក់ ហើយបើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅមានប្រជាពលរដ្ឋបន្តដើរកម្សាន្តសប្បាយច្រើនទៀត។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៤,៨៣៨នាក់
* ខេត្តបាត់ដំបង ៤១,៦៦៧នាក់
* ខេត្តពោធិ៍សាត់ ៣០,៩៦០នាក់
* រាជធានីភ្នំពេញ ៣០,៨៩៥នាក់
* ខេត្តកំពត ២៦,៦៤៤នាក់
* ខេត្តកែប ២៥,២៨៥នាក់
* ខេត្តសៀមរាប ២២,៦៩៣នាក់។
ចំនួនភ្ញៀវប្រមាណជិត៣៣ម៉ឺននាក់នាចុងសប្តាហ៍នេះ នៅតែជាចំនួនមួយច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។
បើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅតាមតំបន់មួយចំនួន ប្រជាពលរដ្ឋបានបន្តកម្សាន្តសប្បាយ និងរៀបចំពិធីឆ្លងចូលឆ្នាំនៅតាមវត្តអារាមនានារហូតដល់ចុងសប្តាហ៍នេះ។
ភាគច្រើននៃភ្ញៀវក្នុងសប្តាហ៍នេះ គឺជាភ្ញៀវក្នុងរាជធានីខេត្តនីមួយៗផ្ទាល់ ដោយប្រជាពលរដ្ឋភាគច្រើនបានដើរកម្សាន្តតាមបណ្តាខេត្តរួចហើយកាលពីឱកាសពិធីបុណ្យចូលឆ្នាំ។ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋខ្លះ ពិសេសអ្នកភ្នំពេញដែលខកខានមិនបានដើរលេងនាឱកាសចូលឆ្នាំដោយសារពួកគាត់មិនចង់ជួបជុំកកកុញមនុស្សច្រើន បានចេញដើរកម្សាន្តនាចុងសប្តាហ៍នេះ ពិសេសគោលដៅខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតជាដើម។
ទោះបីចប់ពិធីបុណ្យចូលឆ្នាំ ក្រសួងទេសចរណ៍ក៏នៅតែជំរុញឲ្យមន្ទីរទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តបន្តពង្រឹងការអនុវត្ត SOP ទប់ស្កាត់ជំងឺកូវីដ-១៩ និងការជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកនាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។