កីឡាករ សុខ ចាន់ឫទ្ធី និងកីឡាការិនី រុំ ស្រីឡែន ឈ្នះមេដាយមាសដូចគ្នា កីឡាគុនដាវ ពានរង្វាន់វេស្ទើន ឆ្នាំ២០២២
ការប្រកួតកីឡាគុនដាវ ពានរង្វាន់វេស្ទើន លើកទី២ ឆ្នាំ២០២២ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅកីឡដ្ឋានវេស្ទើន រាជធានីភ្នំពេញ ក្រោយកីឡាករ សុខ ចាន់ ឫទ្ធី ឈ្នះមេដាយមាសលើវិញ្ញាសាដាវធំឯកត្តជនបុរស ខណៈកីឡាការិនី រុំ ស្រីឡែន ឈ្នះមេដាយមាសលើវិញ្ញាសាដាវធំឯកត្តជននារី។
គណៈកម្មការបច្ចេកទេសសហព័ន្ធកីឡាគុនដាវកម្ពុជាបញ្ជាក់ថា ការប្រកួតនេះបានបញ្ចប់ដោយយុត្តិធម៌ ហើយសម្រិតសម្រាំងបានជ័យលាភីលើវិញ្ញាសា រួមមាន៖ វិញ្ញាសាដាវធំឯកត្តជនបុរស៖ មេដាយមាស បានទៅ កីឡាករ សុខ ចាន់ឫទ្ធី មកពីវិទ្យាល័យ ជាស៊ីម សាមគ្គី, មេដាយប្រាក់ កីឡាករ ខឿន ទីម៉ា មកពីវិទ្យាល័យ ឥន្ទ្រទេវី, មេដាយសំរឹទ្ធ កីឡាករ លាន ម៉ូសេ មកពីវិទ្យាល័យ ជាស៊ីម សាមគ្គី និងកីឡាករ ភារក្សភារិន មកពីក្លឹប Glory។
វិញ្ញាសារដាវធំឯកត្តជននារី មេដាយមាស បានទៅកីឡាការិនី រុំ ស្រីឡែន មកពីវិទ្យាល័យ ឥន្ទ្រទេវី, មេដាយប្រាក់ កីឡាការិនី ប៉ែន ណារីតា មកពីសាលាអន្ដរជាតិវេស្ទើន, មេដាយសំរឹទ្ធ កីឡាការិនី ប្រាក់ បញ្ញាទេវី មកពីសាលាអន្ដរជាតិ វេស្ទើន។ ពិធីបំពាក់មេដាយនេះ ផ្តល់កិត្តិយសអញ្ជើញចូលរួមពីលោក ហ៊ូ ចៀនហៃ អនុប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា និងមន្ត្រីជាច្រើនរូបទៀត។
លោក ឃុត សៀង ប្រធានបច្ចេកទេស សហព័ន្ធកីឡាគុនដាវកម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាគុនដាវ ពានរង្វាន់វេស្ទើន ឆ្នាំ២០២២នេះមានគោលដៅបំផុសសកម្មភាពកីឡាគុនដាវតាមសាលារៀនគ្រប់កម្រិតសិក្សា ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកបន្ថែមថា ការប្រកួតនេះបានអនុវត្តតាមបទបញ្ជាបច្ចេកទេសប្រកួត គោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា វិធានសុខាភិបាលរបស់ក្រសួងសុខាភិបាល គោលការណ៍ Fair-play បានយ៉ាងត្រឹមត្រូវ ហើយការប្រកួតបានបញ្ចប់ដោយសុវត្តិភាព ប្រកបដោយស្មារតីមិត្តភាព និងសាមគ្គីភាព។
ប្រធានបច្ចេកទេសរូបនេះបន្ថែមថា ព្រឹត្តិការណ៍នេះក៏ផ្តោតសំខាន់ទៅលើការសាកល្បងសមត្ថភាពមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាលរបស់សហព័ន្ធ ដើម្បីធានាការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ។ ក្រោយបញ្ចប់ការប្រកួតនេះ សហព័ន្ធមើលឃើញនូវចំណុចខ្វះខាតជាច្រើន ដែលត្រូវការដោះស្រាយ និងបំពេញបន្ថែមឱ្យបានឆាប់រហ័សបំផុត។ ក្នុងឆ្នាំ២០២២នេះ សហព័ន្ធក៏ត្រៀមការប្រកួត២ប្រភេទទៀត ក្នុងត្រីមាសទី៣ និងត្រីមាសទី៤ ជាពិសេសការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ នាខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបង្កើនបទពិសោធ និងពង្រឹងសមត្ថភាពរបស់មន្ដ្រីបច្ចេកទេសរបស់ខ្លួន និងការត្រួតពិនិត្យសម្ភារប្រកួតផងដែរ។
ការប្រកួតនេះ អាចរៀបចំទៅបានក្រោមការជួយជ្រោមជ្រែងពីឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សកលវិទ្យាល័យវេស្ទើន លោក គួរ យ៉ាង ប្រធានចាត់ការទូទៅ នៃក្លឹបកីឡាឡុងហាយ និងគ្រូបង្វឹក កីឡាករ កីឡាការិនី ព្រមទាំងក្រុមហ៊ុនឯកជនជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។