កូន​ផ្សោ​តទី​២ ក្នុងឆ្នាំនេះ បានបង្ហាញ​វត្តមាន នៅក្នុង​ដែន​ជម្រក​ធម្មជាតិ​នៃ​អន្លង់​សត្វ​ផ្សោត​កាំ​ពី

​ក្នុងអំឡុងពេល​ចុះ​អនុវត្ត​ការស្រាវជ្រាវ​តាម​ដង​ទន្លេមេគង្គ ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ និង​តាមដាន​សត្វ​ផ្សោត​នៃ​រដ្ឋបាល​ជលផល និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ WWF បាន​កត់ត្រា​តាមរយៈ​រូបថត​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២​កន្លងទៅ នូវ​វត្តមាន​របស់​កូន​ផ្សោត​ថ្មី​មួយ​ក្បាល ខណៈពេល​វា​កំពុង​ហែល​ជាមួយ​សត្វ​ផ្សោត​ធំៗ​ចំនួន ៩​ក្បាល​ទៀត នៅក្នុង​ដែន​ជម្រក​ធម្មជាតិ​នៃ​អន្លង់​សត្វ​ផ្សោត​កាំ​ពី ក្នុង​ខេត្តក្រចេះ​។

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា​សត្វ​ផ្សោត​ថ្មី​នេះ​មាន​អាយុ​ទើបតែ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ជា​កូន​សត្វ​ផ្សោ​តទី​២​សម្រាប់​ឆ្នាំ​២០២២​នេះ​។ សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​។

​លទ្ធផល​នៃ​ជំរឿន​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ឆ្នាំ​២០២០ ដោយ​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​បង្ហាញថា មាន​សត្វ​ផ្សោត​ចំនួន​ត្រឹមតែ​៨៩​ក្បាល​ប៉ុណ្ណោះ​ដែល​កំពុង​រស់នៅក្នុង​ទន្លេមេគង្គ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close