សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​មួយ​ប្រតិភូ​អ្នកវិនិយោគ​មកពី​ក្រុមហ៊ុន​ចំនួន​៣

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ចំនួន​៣ ដែល​ដឹកនាំ​ដោយ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ដែល​ជំនួប​នេះ ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។

​ក្នុងជំនួប​នេះ​ផងដែរ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍​គ្រុប និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន China investment ក្រុមហ៊ុន​អ៊ី​ស្ទ័​រ និង​ក្រុមហ៊ុន​គួ​អាន បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក ដោយបាន​អនុញ្ញាត​ឲ្យ​បាន​ជួប​សំដែង​ការគួរសម​ផង និង​ស្វែងយល់​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ផង​។

​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ពី​អាជីវកម្ម​របស់​ក្រុមហ៊ុន​ខាងលើ ដែល​រួមមាន​៖ វិស័យ​ឧស្សាហកម្ម​រ៉ែ​, ហេដ្ឋារចនាសម្ព័ន្ធ​, អចលនវត្ថុ​, ពាណិជ្ជកម្ម​សំណង់​ឡូ​ជី​ស្ទីក​, មូល​ប​ត្រ និង​ពាណិជ្ជកម្ម​មូល​ប​ត្រ​។ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ក៏បាន​គោរព​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ស្វែងយល់​អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ក្រុមហ៊ុន China investment, ក្រុមហ៊ុន​អ៊ី​ស្ទ័​រ និង​ក្រុមហ៊ុន គួរ​អាន ហើយ​បាន​ជម្រាបជូន​លោក ចេ​ន ហ្ស៊ី និង​ប្រតិភូ​ដឹកនាំ​ក្រុមហ៊ុន​ទាំង​៣ ថា បរិ​យា​ការវិនិយោគ​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ ដោយ​មូលហេតុ​ទី​១-​កម្ពុជា មាន​សុខសន្តិភាព និង​ស្ថិរភាព​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការវិនិយោគ​, ទី​២-​កម្ពុជា មានច្បាប់​វិនិយោគ​ដែល​ផ្ដល់​ការងាយស្រួល​ដល់​អ្នកវិនិយោគ​, ទី​៣-​កម្ពុជា មាន​ក្បាលម៉ាស៊ីន​គ្រប់គ្រង​ច្រកចេញចូល​តែមួយ សម្រាប់​ការជួយ​សម្រួល​ដល់​ការវិនិយោគ​, ទី​៤-​កម្ពុជា មិន​តំរូវ​ឲ្យ​អ្នកវិនិយោគ​ប្រើតែ​ប្រាក់រៀល សម្រាប់​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក ដោយ​កម្ពុជា គឺ​អនុញ្ញាត​ដល់​ការប្រើ​ប្រាក់​ដទៃទៀត​ដូចជា ប្រាក់​ដុល្លារ​ជាដើម ដើម្បី​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​ផង និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផង និង​ទី​៥-​កម្ពុជា មាន​កម្លាំង​ពលកម្ម​វ័យក្មេង​ច្រើន ។

​សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ការណែនាំ​ឲ្យ​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី និង​ប្រតិភូ ធ្វើការ​ស្វែងយល់​បន្ថែម​ទៀត​ពី​ឯកឧត្តម សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អំពី​ទិសដៅ​វិនិយោគ​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close