សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត
ភ្នំពេញ៖ បន្ទាប់ពីទទួលយោបល់ពីកិច្ចប្រជុំអន្តរក្រសួងហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនានានៅទូទាំងប្រទេស ប៉ុន្តែតម្រូវឱ្យពលរដ្ឋបន្តពាក់ម៉ាស់នៅកន្លែងដែលការបិទជិតមានម៉ាស៊ីនត្រជាក់ជាដើម។
បើតាមសារសំឡេងសម្តេចតេជោ ហ៊ុន សែន ដែលទទួលបាន បានបញ្ជាក់ដូច្នេះថា៖ «ទី១៖ លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសនៅតាមកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនជាអ្នកធ្វើការសម្រេចចិត្តខ្លួនឯងថា ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់»។
ការលើកលែងកាតព្វកិច្ចនេះ បានធ្វើឡើងចាប់ពីពេលដែលពលរដ្ឋទទួលសារសំឡេងនេះតទៅ ដោយសម្តេចបានពន្យល់ថា អត្ថន័យកន្លែងដែលមានការបិទជិត គឺសំដៅបន្ទប់ប្រជុំដែលមានម៉ាស៊ីនត្រជាក់ ឬរោងភាពយន្តដែលមានមនុស្សនៅទីនោះហើយបិទជិតប្រើម៉ាស៊ីនត្រជាក់ ប៉ុន្តែករណីលំហរ តាមផ្លូវសាធារណៈ តាមសួនច្បារ និងកន្លែងផ្សេងៗ ដែលមិនមានការបិទជិត ពលរដ្ឋអាចសម្រេចចិត្តខ្លួនឯងថាពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។
ការដកចេញនូវវិធានការពាក់ម៉ាស់ទៅតាមទីសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងជំងឺកូវីដ១៩ ក្នុងអត្រាទាបបំផុត ទោះបីជាកម្ពុជាបានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានប្រជាពលរដ្ឋជាច្រើនលេងកម្សាន្ត ដោយមិនមានការពាក់ម៉ាស់ ឬរក្សាគម្លាតក៏ដោយ។
សម្តេចបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការពាក់ម៉ាស់ នៅកន្លែងដែលមានការសង្ស័យ ឬកន្លែងដែលមានមនុស្សច្រើន។ កន្លែងដែលធ្លាប់បានអនុវត្តតាមស្តង់ដាររបស់ក្រសួង ដូចជាភោជនីយដ្ឋានជាដើម ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួង។ សម្តេចតេជោ សង្ឃឹមថា ពលរដ្ឋខ្មែរនឹងបានរំដោះខ្លួនចេញពីការលំបាកដោយការចំណាយក្នុងការទិញម៉ាស់ ដែលជំនួសនូវការចាក់វ៉ាក់សាំង។
«ប៉ុន្តែដើម្បីធានានូវភាពរឹងមាំ សម្រាប់ការបន្តនិរន្តរភាព នៃការពាក់ម៉ាស ហើយនិងមិនមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាខ្ញុំ លើចំណុចទី២ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមទទួលយកវ៉ាក់សាំងដូសទី៣ ដែលចាត់ទុកថាជាដូសអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេសរបស់យើង ដែលបងប្អូនបានចាក់២ដូសមកហើយ គឺបន្តចាក់ដូសទី៣»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចបានបញ្ជាក់បន្ថែមថា ដើម្បីចៀសវាងនូវការភាន់ច្រឡំណាមួយ ទោះបីជាសម្តេចបានប្រើនូវពាក់ថា «ចាក់ដូសទី៣ ជាកាតព្វកិច្ច» ប៉ុន្តែករណីនេះ នឹងមិនមែនជាការអនុវត្តវិធានការច្បាប់ ឬរដ្ឋបាលនោះទេ ដោយការចាក់នេះ ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ សម្តេចនៅតែលើកទឹកចិត្តឱ្យពលរដ្ឋធ្វើតេស្តរហ័ស ក្នុងករណីមានការសង្ស័យហើយដាក់ខ្លួនឱ្យនៅដាច់ដោយឡែកហើយព្យាបាល។ សម្តេចបញ្ជាក់ថា «បន្ទាប់ពីដោះចេញនូវកាតព្វកិច្ចពាក់ម៉ាស់ យើងត្រូវតែតាមដានឱ្យដិតដល់ ទៅលើចំណុចទាំងឡាយដែលអាចមានករណីឆ្លងកើតឡើង ហើយរាជរដ្ឋាភិបាលត្រូវតែប្រកាន់យកអភិក្រមគ្រប់គ្រង តាមរយៈនៃការឱ្យពាក់ម៉ាស់ឡើងវិញទូទាំងប្រទេស ឬមួយផ្នែកណានោះ»។
សម្តេចស្នើឱ្យពលរដ្ឋតាមពិនិត្យខ្លួនឯងតាមរយៈការធ្វើតេស្ត ហើយអាជ្ញាធរ និងវិស័យសុខាភិបាល ក៏ត្រូវតាមដានការវិវឌ្ឍទាំងអស់នេះ ហើយវិស័យសុខាភិបាល ក៏ត្រៀមខ្លួនឆ្លើយតបជាមួយនឹងបញ្ហាទាំងឡាយ ដោយសារនៅលើពិភពលោកមិនទាន់អស់ជំងឺកូវីដ១៩នៅឡើយទេ ហើយអង្គការសុខភាពពិភពលោក បានប្រកាសអំពីការរកឃើញមេរោគបំប្លែងថ្មីចំនួន៣ប្រភេទថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។