សម្ដេច​ក្រឡាហោម ស ខេង សង្ឃឹមថា ជប៉ុន​នឹង​ចាប់អារម្មណ៍​ចំពោះ​ការវិនិយោគ​ពាក់ព័ន្ធ​នឹង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានទទួល​ជួប​ប្រតិភូ​សមាគម​ជប៉ុន​-​កម្ពុជា ដែលមាន​តំណាង​ក្រុមហ៊ុន​ចំនួន​៣៥ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា រាជធានី​ភ្នំពេញ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ក្ដី​រីករាយ​ដែល​បានន​ជួប​ជាមួយ​ប្រតិភូ​សមាគម​ជប៉ុន​-​កម្ពុជា ជា​លើក​ទី​២ និង​បានចាត់ទុក​ទស្សនកិច្ច​របស់​ប្រតិភូ​សមាគម​នៅ​កម្ពុជា​ថា​ជាការ​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ និង​ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​ពី​ប្រទេស​ជប៉ុន​កាន់តែច្រើន​បន្ថែមទៀត​នៅ​កម្ពុជា​។​

​ស​ម្ដេចក៏​សម្ដែង​ក្ដី​សង្ឃឹមថា​គណៈប្រតិភូ​ជប៉ុន​នឹងមាន​ការចាប់អារម្មណ៍​ចំពោះ​ការវិនិយោគ​ពាក់ព័ន្ធ​នឹង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា និង​បាន​ឧទ្ទេសនាម​ថា​ក្នុងជំនួប​នាឱកាស​នេះ ក៏មាន​វត្តមាន​ប្រធាន​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ដែរ ។ សម្ដេច​សង្ឃឹមថា​ភាគី​ទាំងពីរ​នឹង​អាច​ស្វែងយល់​ពីគ្នា​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ការវិនិយោគ​។​

​លោក Takahashi Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម​ថា អំពី​វត្ថុបំណង​នៃ​ដំណើរ​ទស្សនកិច្ច​កម្ពុជា​របស់​គណៈប្រតិភូ​ក្រុមហ៊ុន​ជប៉ុន​ឱកាស​នេះ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​ថា​ជំនួប​ជាមួយ​សម្ដេច​នាពេលនេះ ក៏មាន​បំណង​ដើម្បី​ស្វែងយល់​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ និង​សក្ដានុពល​វិនិយោគ​តាម​បណ្ដា​ខេត្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close