កូរ៉េខាងជើង ធ្វើព្យុហយាត្រាយោធាយ៉ាងធំ ក្នុងទិវាកងទ័ព
ប្រភពព័ត៌មានពីយោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធាយ៉ាងធំ កាលពីថ្ងៃទី២៥ មេសា ២០២២។ ប្រភពថា ជាសកម្មភាពនៃការរម្លឹកដល់ការបង្កើតកងទ័ពរបស់ខ្លួន ជាមួយនឹងការបង្ហាញអាវុធចុងក្រោយបង្អស់ដែរ។
ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងកំពុងធ្វើព្យុហយាត្រា កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពយោធាដែលមិនបញ្ចេញឈ្មោះ។ ទីភ្នាក់ងារនេះ បានរាយការណ៍ថា ព្រឹត្តិការណ៍នេះ ត្រូវបានគេជឿថា ព្យុហយាត្រាយោធានេះក៏រួមមានមីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើង រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ដ៏ធំបំផុតរបស់ខ្លួនដែលត្រូវបានបាញ់សាកល្បងជាលើកដំបូង កាលពីខែមុន។
យ៉ាងហោចណាស់ វត្ថុបំភ្លឺចំនួន ១២ ត្រូវបានគេប្រទះឃើញនៅកណ្តាលទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ៩៖៣០នាទី យប់ថ្ងៃចន្ទ នេះបើតាមសារព័ត៌មាន NK News ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលរាយការណ៍ ដោយអះអាងថា អាចជាយន្តហោះគ្មានមនុស្សបើក ឬយន្តហោះផ្សេងទៀត ក្នុងពេលធ្វើក្បួនព្យុហយាត្រា។ គេហទំព័រនេះក៏បានរាយការណ៍ថា ទីលាន Kim Il Sung ដ៏សំខាន់របស់ទីក្រុងព្យុងយ៉ាង ក៏ត្រូវបានបំភ្លឺផងដែរ ខណៈហ្វូងមនុស្សកំពុងធ្វើដំណើរ ទៅកាន់តំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។