តួ​ប្រាង្គ​បាកាណ​នៃ​ប្រាសាទអង្គរវត្ត នឹង​បញ្ចប់​ការជួសជុល ចុងខែ​មេសា​ឆ្នាំនេះ​

​អ្នកជំនាញ​ឱ្យដឹងថា តួ​ប្រាង្គ​បាកាណ​នៃ​ប្រាសាទអង្គរវត្ត​ឬ​គេ​អាច​ហៅថា​«​រួត​បាកាណ​»​ពាក់កណ្ដាល​នៃ​ផ្នែក​ខាងលិច​នឹង​កាន់​តែមាន​ភាពរឹងមាំ​មួយ​កំ​រឹត​ទៀត​។​ ​លោក ឃា​ម មុនី អ្នកគ្រប់គ្រង​ការដ្ឋាន​ជួសជុល​ខឿន​រួត​បាកាណ មានប្រសាសន៍ថា គម្រោង​ជួសជុល​នៅ​ជ្រុង​និរតី និង​ពាយ័ព្យ បាន​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ បន្ទាប់ពី​ក្រុម​អ្នកជំនាញ​បាន​ប្រឹងប្រែង​លើ​ការងារ​ជួសជុល​រយៈពេល​១០​ខែ​ជិត​រួចរាល់ គឺ​នៅតែ​បង្ហើយ​ការងារ​តូចៗ​ដែល​នៅ​សេសសល់​ប៉ុណ្ណោះ​។ ​គម្រោង​ជួសជុល​ខឿន​ប្រាង្គ​បាកាណ​នៃ​ប្រាសាទអង្គរវត្ត ដែល​ចាត់ទុកថា ជា​គម្រោង​ជួសជុល​ធំ​ជា​លើក​ទី​១ គឺ​បានចាប់ផ្ដើម​ឡើង​តាំងពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១​មក​។​

​ក្រុម​អ្នកជំនាញ​ផ្នែក​ជួសជុល ឱ្យដឹងថា តួ​ប្រាង្គ​បាកាណ​នៃ​ប្រាសាទអង្គរវត្ត​នៅ​ជ្រុង​និរតី និង​ពាយ័ព្យ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ដោយសារ​កត្តា​ជាច្រើន ដូចជា អាយុកាល​នៃ​សំណង់​ចាស់​ធ្វើឱ្យ​ថ្ម​ពុក ប្រេះ និង​បាក់ ការបោះបង់ចោល​ដោយ​គ្មាន​ការថែរក្សា​រយៈពេល​យូរ ការបំផ្លាញ​ដោយ​ធម្មជាតិ មាន​រុក្ខជាតិ ដុះ​ចាក់​ឬ​ស និង​ទឹកភ្លៀង​ហូរ​ច្រោះ​គ្រឹះ​ថ្មបាយក្រៀម​។ កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើការ​ទល់​ទ្រ​ជា​បន្តបន្ទាប់​ផងដែរ តែ​លើក​នេះ​គឺ​ក្រុមការងារ​បាន​រើ កាយ​យក​កំណ​កដី កម្ទេច​ថ្ម ចេញរួច​ដាក់​ថ្ម​ចូល​ទីតាំង​ដើម​វិញ​រុញ​ឱ្យបាន​កិប​ល្អ លែង​សូវ​មាន​ឃើញ​ចន្លោះប្រហោង​ទៀតហើយ​។ លោក​បាន​បន្តទៀតថា ក្រុមការងារ​ពិតជា​សប្បាយចិត្ត​ដោយសារ យើង​អាច​បំលាស់​ទី​ថ្ម​ខ្លះ​ដែលមាន​ទម្ងន់​ប្រហែល​ជាង​៣​តោន និង​បាន​ដឹកជញ្ជូន​ថ្ម​ថ្មី​យកទៅ​ប្រើប្រាស់​ដោយ​សុវត្ថិភាព​។​

​លោក​មុនី បន្តទៀតថា ក្នុងពេល​ជួសជុល​តួ​ប្រាង្គ​បាកាណ​នៃ​ប្រាសាទអង្គរវត្ត​នេះដែរ ក្រុមការងារ​បាន​រក​ផ្គុំ​ថ្ម រៀបចំ​ថ្ម​ដែល​នៅ​រាយប៉ាយ​ជុំវិញ​ខឿន ដើម្បី​រក​កន្លែង​ដើម​របស់​វា​ហើយ​អាច​នឹង​យក​ថ្ម​ទាំងនោះ ទៅ​រៀប​ចូល​នៅ​កន្លែង​ដើម​វិញ​បាន​មួយចំនួនធំ​។ ជាមួយគ្នានេះដែរ ក្រុមការងារ​ក៏បាន​ជួយ​ទល់​ទ្រ​សរស​រណា​ដែលមាន​សភាព​ទ្រុឌទ្រោម​ថែម​ទៀតផង​។​

​រួត​បាកាណ​នៃ​ប្រាសាទអង្គរវត្ត ជ្រុង​និរតី​និង​ពាយ័ព្យ​នេះ​ធ្លាប់បាន​ជួសជុល​ម្ដង​ដោយ​សាលា​បារាំង​ចុង​បូព៌ា​កាលពី​ចន្លោះ​ឆ្នាំ​១៩៣៥-១៩៣៦ ហើយ​ក្រោយៗ​មក ការជួសជុល​ជា​គម្រោង​ធំដុំ គឺ​ពុំ​ធ្លាប់មាន​ទេ មានតែ​គម្រោង​ជួសជុល​តូចតាច ដូចជា កាលពី​ឆ្នាំ​២០០០ អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់បាន​ជួសជុល​ទល់​ទ្រ និង​ធ្វើ​ជណ្តើរ និង​មាន​អង្គការ GACP អាល្លឺម៉ង់​ធ្លាប់ជួយ​ជួសជុល​រូប​អប្សរា​និង​ប្រាង្គ​មួយចំនួន​ដែលមាន​ថ្ម​ពុកផុយ​ខ្លាំង​។​

​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២១​មក អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​តួ​ប្រាង្គ​បាកាណ​នៃ​ប្រាសាទអង្គរវត្ត ជ្រុង​និរតី​និង​ពាយ័ព្យ​ជាថ្មី ដោយ​ប្រើ​ឆ​ន្ទះ​ខ្ពស់បំផុត ពីព្រោះ​ការជួសជុល​នេះ មិនអាច​នាំយក​គ្រឿងចក្រ​ចូល​បាន គឺ​ត្រូវ​ប្រើ​កម្លាំង​មនុស្ស​សុទ្ធ​ដើម្បី​លើក​ដុំថ្ម​ធំៗ​យកទៅ​តម្រៀប​គ្នា​ឡើងវិញ​រហូត​បានសម្រេច​។​

​បន្ទាប់ពី​បញ្ចប់​ការជួសជុល​តួ​ប្រាង្គ​បាកាណ​នៃ​ប្រាសាទអង្គរវត្ត ឬ​ហៅថា «​រួត​បាកាណ​»​នេះ ក្រុមការងារ​នឹង​ស្នើសុំ​មាន​គម្រោង​ជួសជុល​ខឿន​បាកាណ​ពីរ​ជ្រុង​ទៀត គឺ​ជ្រុង​អ​គ្នេ​យ៍​និង​ជ្រុង​ឦសាន​ដែលមាន​សភាព​ខូចខាត​ខ្លាំង​គួរឱ្យ​បារម្ភ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close