ចិន ចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំដល់ពលរដ្ឋក្នុងក្រុងប៉េកាំង
នៅថ្ងៃទី២៦ខែមេសា រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចធ្វើតេស្តជាទ្រង់ទ្រាយធំទៅលើពលរដ្ឋដែលរស់នៅក្នុងរដ្ឋធានីនេះ។
សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២បានផ្សាយថា ប្រជាជនចិននៅក្នុងសង្កាត់ដទៃៗទៀតនៃទីក្រុងប៉េកាំង បានឈរតម្រង់ជួរគ្នាដើម្បីទទួលការធ្វើតេស្តរក COVID-19 ខណៈអាជ្ញាធរនៃរដ្ឋធានីរបស់ប្រទេសចិន កំពុងប្រឹងប្រែងទប់ស្កាត់កុំឱ្យការឆ្លងរីករាលដាលកាន់តែខ្លាំង ដើម្បីបញ្ចៀសការអនុវត្តវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដូចនៅទីក្រុងសៀងហៃ។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងប៉េកាំងបានចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំ លើមនុស្សចំនួន៣.៥លាននាក់ នៅឯសង្កាត់ធំជាងគេរបស់ខ្លួន គឺសង្កាត់ ឆាវយ៉ាង (Chaoyang)។ ក្រោយមក អាជ្ញាធរក៏បានសម្រេចកំណត់ឱ្យសង្កាត់ចំនួន១០ និងតំបន់អភិវឌ្ឍសេដ្ឋកិច្ចមួយទៀត ត្រូវរៀបចំការធ្វើតេស្តដូចគ្នាក្នុងសប្តាហ៍នេះ ដែលគ្របដណ្តប់លើមនុស្សសរុប២០លាននាក់។ ក្នុងចំណោមនោះ ១៦លាននាក់ ត្រូវចាប់ផ្តើមធ្វើតេស្ត នៅថ្ងៃអង្គារនេះតែម្តង។ ទីក្រុងប៉េកាំងទាំងមូល មានប្រជាជនរស់នៅសរុបប្រមាណ ២២លាននាក់។
យោងតាមរបាយការណ៍ចុងក្រោយ ទីក្រុងប៉េកាំងបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៣នាក់ និងមិនទាន់មានករណីស្លាប់ទេ កំលុងរលកឆ្លងរាលដាលថ្មីចុងក្រោយនេះ ហើយករណីឆ្លងសរុបវិញ គឺនៅទាបជាងឆ្ងាយ បើប្រៀបធៀបនឹងករណីរាប់សែន នៅសៀងហៃ។ ទីក្រុងសៀងហៃដែលមានមនុស្សរស់នៅ ២៥លាននាក់ ទើបតែបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួនជាង ១៥,០០០នាក់ ដែលភាគច្រើនជាករណីឆ្លងមិនចេញរោគសញ្ញា និងស្លាប់ថ្មី៥២នាក់ទៀត ខណៈវិធានការបិទខ្ទប់ បានបន្តជាង១ខែមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។