សម្តេចតេជោ គ្រោងនឹងជួបសិស្សនិទ្ទេស A នៅដើមខែឧសភា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា សម្តេចនឹងជួបសិស្សនិទ្ទេស A នៅថ្ងៃទី៣ ខែឧសភាខាងមុខនេះ ក្រោយពីលើកពេលជាច្រើនលើកដោយសារតែវិបត្តិជំងឺកូវីដ១៩។
មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតក្រសួងអប់រំ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងជួបសំណេះសំណាលសិស្សនិទ្ទេស A នៅថ្ងៃទី៣ ខែឧសភា ក្រោយពីស្ថានភាពជំងឺកូវីដ-១៩មានការធូរស្រាល។
តាមពិតទៅសម្តេចតេជោគ្រោងជួបសិស្សនិទ្ទេស A នៅថ្ងៃទី១៥ ខែមករា តែត្រូវលើកពេលវិញមកធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែមានការរាតត្បាតនូវជំងឺកូវីដ-១៩ប្រភេទអូមីក្រុងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។
សូមរំលឹកថា ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២១ ក្នុងចំណោមសិស្សប្រឡងសរុប១១៤ ១៨៧នាក់ គឺមានបេក្ខជនជាប់ចំនួន៧២ ០១៦នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A មានចំនួន១៧៥៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។