ក្រសួងពាណិជ្ជកម្ម នឹងចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៩ នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ នាទី​ក្រុង​ណាន​នី​ង តំបន់​ស្វយ័ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន

​ភ្នំពេញ​៖ ក្នុងនាម​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​និង​ចូលរួម​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បណ្តា​ធុរជន សហគ្រិន វិនិយោគិន និង​អ្នក ផ្តល់​សេវា​ទាំងអស់​ដែល​កំពុង​ធ្វើ​ធុរកិច្ច នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ បាន​ជ្រាបថា​៖ ដោយ​ទទួលបាន​ជោគជ័យ ជា​បន្តបន្ទាប់​លើ​ការចូលរួម រៀបចំ​ពិព័រណ៍ ចិន​-​អាស៊ាន ចំនួន​១៨ លើក រួចមកហើយ​កាលពីពេល​កន្លងទៅ ក្រសួង ពាណិជ្ជកម្ម រួមសហការ​ជាមួយ​គណៈកម្មការ​រៀប​ចំ​ពិព័រណ៍​ចិន​-​អាស៊ាន នឹង​បន្ត រៀបចំ​ពិព័រណ៍ ចិន​-​អាស៊ាន លើក ទី​១៩ “The 19th China-ASEAN Expo 2022” ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦-១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ មជ្ឈមណ្ឌល​សន្និសីទ និង ពិព័រណ៍​អន្តរជាតិ​នាទី​ក្រុង​ណាន​នី​ង តំបន់​ស្វយ័ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​ទម្រង់​ចូលរួម​ដោយផ្ទាល់ និង​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ (Physical and Virtual Exhibition)​។​

​ដោយ​ស្ថានភាព​នៃ​ជំងឺ កូ​វីដ​-១៩ នៅ​មិនទាន់​អាច​ព្យាករណ៍​បាន​នៅ​ប្រទេស​ចិន ការរៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន ឆ្នាំ​២០២២ នេះ ក្រសួងពាណិជ្ជកម្ម ផ្តល់​អាទិភាព​ខ្ពស់​ដល់ ក្រុមហ៊ុន ឬ​សហគ្រាស​កម្ពុជា ដែលមាន​សាខា ឬ​តំណាង​ចែកចាយ​ផលិតផល​នៅ​ប្រទេស​ចិន​ស្រាប់ និង​ជំរុញ​លើកទឹកចិត្ត​ការចូលរួម​ពី​ចម្ងាយ​តាមរយៈ​ការបញ្ជូន ផលិតផល និង​សេវា​ទៅ​ចូលរួម​ដាក់តាំង​បង្ហាញជូន​អ្នកទស្សនា និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ នៅក្នុង ព្រឹត្តិការណ៍​ពិព័រណ៍​ខាងលើ​។

​ក្រសួងពាណិជ្ជកម្ម សូម​អញ្ជើញ​ធុរជន សហគ្រិន វិនិយោគិន និង​ផលិតករ​កម្ពុជា ដែល មាន បំណង​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៩ ឆ្នាំ​២០២២ តាមរយៈ​ការចូលរួម​ផ្ទាល់ ឬ តាម​ប្រព័ន្ធ អន​ឡាញ សូម​មក​បំពេញ បែប បទ និង​ដាក់​ពាក្យសុំ​ចូលរួម​ឲ្យ​បាន​មុន​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ជា​កំណត់​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close