កម្ពុជា ទទួល​ធ្វើជា​ប្រធាន និង​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​ព្រឹត្តិការណ៍​នានា ក្នុង​ឆ្នាំ​២០២២

​នា​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​ព្រឹត្តិការណ៍​នានា​ក្នុង​ឆ្នាំ​២០២២ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទទួល​ធ្វើជា​ប្រធាន និង​ម្ចាស់ផ្ទះ បាន​ដឹកនាំ​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​នេះ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​របស់​ក្រុមការងារ​ទទួលបន្ទុក​រៀបចំ​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​នីមួយៗ​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​រំលឹក​ជូន​អង្គប្រជុំ​ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់ថា កម្ពុជា​នឹង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន ដើម្បី​ឈានទៅ​សម្រេចបាន​សមិទ្ធផល​សំខាន់ៗ ជាពិសេស​ជំរុញ​សន្ទុះ​នៃ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​ប្រកបដោយ​សមធម៌ ភាព​ធន់ និង​បរិ​យាប​ន្ន ក្រោម​មូលបទ “​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​” (ASEAN A.C.T.: Addressing Challenges Together)​។

​ដើម្បី​ចូលរួមចំណែក​គាំទ្រ​ដល់​ភាពជា​ប្រធាន​អាស៊ាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ឆ្នាំ​២០២២ សម្រាប់​ក្របខ័ណ្ឌ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ស្ថិតក្រោម​សសរស្តម្ភ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន ក្រសួង​បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ជា​អាទិភាព​គឺ​ការអនុម័ត “​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី​ចល័តភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​អាស៊ាន​” នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ នា​ថ្ងៃទី​១០-១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនេះ​។

​គួរបញ្ជាក់​ជូន​ថា វា​ជា​លើក​ទី​៣ ហើយ​ដែល​កម្ពុជា​ទទួល​កិត្តិយស​ដ៏​ថ្លៃថ្លា និង​ប្រកបដោយ​មោទនភាព​ធ្វើ​ប្រធាន​នៅក្នុង​ឆ្នាំ​២០២២ នេះ​។ ដោយឡែក នៅក្នុង​ឆ្នាំនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹងត្រូវ​រៀបចំ​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​ពាក់ព័ន្ធ ចំនួន ៨ ផងដែរ រួមមាន​៖
១. កិច្ចប្រជុំ​គណៈកម្មការ​អាស៊ាន​លើ​ការអនុវត្ត​សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេ​សន្តរ​ប្រវេ​សក៍ លើក​ទី​១៥ (15th ACMW)
២. កិច្ចប្រជុំ​គណៈកម្មការ​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​យោង​អាស៊ាន លើក​ទី​១០ (10th AQRFC)
៣. សិក្ខាសាលា និង​ចងក្រង​ឯកសារ​ស្តីពី “​ឧ​ត្ត​មា​នុ​វត្ត​ន៍​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​សហគ្រាស​ធុន​តូច និង​មធ្យម កន្លែងធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ការដ្ឋាន​សំណង់​ខ្នាតតូច​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​”
៤. វេទិកា​អាស៊ាន​ស្តីពី​ទេសន្តរប្រវេសន៍​ការងារ លើក​ទី​១៥ (15th AFML)
៥. សិក្ខាសាលា​ស្តីពី “​ការចែករំលែក​ឧ​ត្ត​មា​នុ​វត្ត​ន៍​ក្នុងការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ (​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​)
៦. សន្និសីទ​របស់​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន លើក​ទី​៤០ (40th CAFEO)
៧. សន្និសីទ​អធិការកិច្ច​ការងារ​អា​ស៊ាន​លើក​ទី​១១ (11th ALIC) និង​កិច្ចប្រជុំ​គណៈកម្មការ​អធិការកិច្ច​ការងារ​អា​ស៊ាន​លើក​ទី​២ (2nd ALICOM)
៨. កិច្ចសន្ទនា​សង្គម​ត្រីភាគី​ថ្នាក់​តំបន់​អាស៊ាន លើក​ទី​១៣ (13th ARTSD)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close