ត្រីមាសទី១ ឆ្នាំនេះ! កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់កើនឡើងជាង ១៦ភាគរយ
ព្រះសីហនុ៖ យោងតាមរបាយការណ៍ស្ថិតិទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា កុងតឺន័រឆ្លងកាត់មានចំនួន ១៩៨ ១៨២ TEUs នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ កើនឡើងចំនួន១៦,៣២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញឃើញថាសេដ្ឋកិច្ចកម្ពុជាបានចាប់ផ្ដើមទើបឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្កានុពល មានអំណោយផលពីធម្មជាតិសម្រាប់ការកសាងកំពង់ផែសមុទ្រទឹកជ្រៅ មានឃ្លងចូលនាវា មានចម្ងាយជិតនឹងទឹកជ្រៅ ដែលពុំចាំបាច់ចំណាយលើការបូមស្តារជាប្រចាំ។ ដោយឡែកនិយោជិតកំពង់ផែមាន លក្ខណៈសម្បត្តិ និងមានជំនាញសមត្ថភាពគ្រប់គ្រាន់លើការងារប្រតិបត្តិការ និងបានបញ្ជូនទៅបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសនានាដូចជា៖ ជប៉ុន កូរ៉េ សឹង្ហបុរី និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដើម្បីបម្រើវិស័យកំពង់ផែឱ្យមានការរីកចម្រើន ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាទាំងមូល។
ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាមានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៧ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗ រួមជាមួយនឹងការគាំទ្រពីទីភ្នាក់ងារJICA លើការអភិវឌ្ឍកំពង់ផែទាំងផ្នែករឹង និងផ្នែកទន់ ទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុសម្រាប់ដំណើរការអភិវឌ្ឍកំពង់ផែ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុរំពឹងទុកថា ចំណតផែកុងតឺន័រថ្មីជំហ៊ានទី២ និងជំនាញទី៣ នឹងមានសមត្ថភាពឱ្យនាវាកុងតឺន័រខ្នាតធំស្ទើរតែទាំងអស់ អាចដឹកជញ្ជូនដោយផ្ទាល់ពីកំពង់ផែក្រុងព្រះសីហនុទៅមកតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិក ដោយពុំបានចាំបាច់ធ្វើការផ្ទេរ ផ្ទុកនៅតាមកំពង់ផែផ្សេងៗទៀតឡើយ។
ក្រៅពីអាជីវកម្មលើកដាក់ និងថែរក្សាទំនិញ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏មានអាជីវកម្មបន្ទាប់បន្សំមួយទៀតគឺតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។ តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានដំណើរការតាំងពីឆ្នាំ២០១២ មានផ្ទៃដីទំហំ៦៤ហិកតា ដែលបានសាងសង់តាមបទដ្ឋានបច្ចេកទេសខ្ពស់ និងមានទីតាំងស្ថិតនៅជាប់នឹងកំពង់ផែក្រុងព្រះសីហនុ បង្កលក្ខណៈងាយស្រួលដល់ធុរកិច្ចទាក់ទងនឹងការដឹកជញ្ជូន។ តំបន់សេដ្ឋកិច្ចពិសេសនេះបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេសជាពិសេសដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋកម្ពុជា និងគាំទ្រអាជីវកម្មកំពង់ផែផងដែរ។
សេវាកម្មរបស់តំបន់សេដ្ឋកិច្ចពិសេសរួមមានជួលដីសម្រាប់សាងសង់រោងចក្រភស្តុភារកម្ម និងភណ្ឌាគារគយមានដែនកំណត់ ជួលរោងចក្រនិងឃ្លាំង ផ្គត់ផ្គង់ថាមពលអគ្គិសនី ទឹកស្អាត និងចម្រោះទឹកកខ្វក់ ជួលការិយាល័យ ជួលអគារស្នាក់នៅ និងសេវាផ្សេងៗទៀតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។