ចំនួនអ្នកស្លាប់ ដោយសារកូវីដ បន្តធ្លាក់ចុះខ្លាំង នៅវៀតណាម
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា មានការឆ្លងកូវីដ១៩ ថ្មីៗ ចំនួនជាង៨ពាន់នាក់ទៀត កាលពីថ្ងៃពុធ ទី២៧ មេសា ជាមួយនឹងចំនួនមនុស្សស្លាប់ប្រចាំថ្ងៃបន្តធ្លាក់ចុះ ប្រមាណពាក់កណ្តាល ក្នុងពេល៧ថ្ងៃចុងក្រោយមកនេះ។
ក្រសួងថា ២៤ម៉ោងចុងក្រោយមកនេះ មានអ្នកជំងឺត្រឹម៥នាក់បានស្លាប់ ធ្វើឲ្យចំនួនស្លាប់ប្រចាំថ្ងៃបន្តថតចុះគួរឲ្យកត់សម្គាល់ ជាបន្តបន្ទាប់ពីរាប់សិបនាក់មក ជាង១០នាក់ រហូតដល់ត្រឹម៥នាក់ នាពេលនេះ។ ពេញមួយសប្តាហ៍កន្លងទៅ មានខ្ទង់ចន្លោះពី ៧ទៅ៨នាក់ ក្នុងមួយថ្ងៃ។ វៀតណាមមានមនុស្សស្លាប់ព្រោះកូវីដ១៩ សរុប ៤៣០៣៤នាក់ ឬ ០.៤ភាគរយនៃអ្នកឆ្លងសរុប។
ក្នុងចំណោមប្រជាជនវៀតណាមសរុប ៩៦លាននាក់ មាន៨០.៣ភាគរយហើយដែលបានចាក់វ៉ាក់សាំង គ្រប់ដូសមូលដ្ឋាន។ ប្រទេសវៀតណាមបានលុបចោលតម្រូវការប្រកាសវេជ្ជសាស្ដ្រសម្រាប់អ្នកចូលបរទេសទាំងអស់ ចាប់ពីថ្ងៃពុធទី២៧ មេសា ខណៈដែលចំនួននៃការឆ្លង និងការស្លាប់របស់ Covid-19 ធ្លាក់ចុះទូទាំងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។