ថតរូបលេងនៅប្រាសាទចៅសាយទេវតា ត្រឡប់មកវិញចុចមើលរូបថត ជាប់ស្រ្តីម្នាក់អត់មានក្បាល

យុវតីម្នាក់រស់​នៅ​ក្នុងក្រុងសៀមរាប បានសម្តែង​ការភ្ញាក់ផ្អើល ក្រោយ​ពីនាងបានឆែករូបថតក្នុងទូរស័ព្ទរបស់នាង​ដែលបានថត​លេង​កាលពីកំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឃើញស្ត្រីម្នាក់បែរជាគ្មានក្បាល។

បើតាម​យុវតីរូបនោះថា រូបថតនេះ នាងបានថតលេង​កាលពីកំឡុងឱកាស នៃពិធីបុណ្យចូលឆ្នាំខ្មែរ ពោល​គឺនៅវេលាម៉ោងប្រមាណ ១០ព្រឹក នៅ​ប្រាសាទចៅសាយទេវត្តា។ ហើយ​សម្រាប់ស្រ្តីដែលនៅក្នុងរូបនោះ នាងមិនបានស្គាល់​នោះឡើយ ហើយ​ក៏​មិន​បានចាប់អារម្មណ៍​ដែរនៅពេលនោះ។

យ៉ាងណាក៏ដោយ នាងសង្ឃឹមថា ស្រ្តីដែល​បានស្លៀកពាក់របៀបនេះ និង​បានទៅ​លេង​ប្រាសាទចៅសាយទេវត្តា​នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២២កន្លងទៅ បើឃើញហើយ គួរតែទៅធ្វើពិធីរំដោះគ្រោះ ខ្លាចក្រែងមានរឿងអកុសល្យ​ណាមួយ​កើតឡើង។

តាមពិតទៅ​ករណីថតរូបមិនឃើញក្បាលមនុស្សនេះ បានក្លាយទៅជា​រឿងអបិយ៍ជំនឿ​មួយ​របស់ជនជាតិខ្មែរ ដោយថា អ្នក​ដែល​គេថតមិនឃើញក្បាលនោះ​ជាប្រថ្នូលមួយដោយ​អាចនឹង​មាន​រឿង​គ្រោះថ្នាក់អ្វីមួយ​កើត​ឡើងរហូត​ដល់ស្លាប់ថែមទៀតផង។ ដូច្នេះបុគ្គលដែលគេថតរូបមិនជាប់ក្បាលនេះ គប្បីធ្វើពិធីរំដោះគ្រោះតាមបែបសាសនា ដើម្បីសុំសេចក្តីសប្បាយត្រឡប់មកវិញ។

តែបើតាម​មតិខ្លះបាននិយាយថា ករណីថតរូបមិនឃើញក្បាលនេះ គឺអាចប្រហែលជា​កម្មវិធីថតរូបរបស់ទូស័ព្ទមាន​បញ្ហា ឬ​ក៏​គេអាច​ប្រើមូដ Pana ដើម្បីអូសឱ្យឃើញខ្ពស់ ឬទ្រវែង ដែលវា​ក៏​អាច​កាត់រូបខ្លះទៅតាមល្បឿន​ដែល​យើងអូសនោះផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close