កម្ពុជា​-​អូស្ត្រាលី បើក​កិច្ចសន្ទនា​តុមូល ពិភាក្សា​អំពី​កាលានុវត្តភាព​វិនិយោគ និង​បញ្ហា​ប្រឈម​នានា សំដៅ​រួមគ្នា​រក​វិធី​ដោះស្រាយ​!

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៨ ខែ មេសា ឆ្នាំ​២០២២ ឯកឧត្តម នុត អ៊ុន​វ័​ណ​រ៉ា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា តំណាង​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​.) បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចសន្ទនា​តុមូល កម្ពុជា​-​អូស្ត្រាលី ស្តីពី​ការវិនិយោគ នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដែល​សហការ​រៀបចំឡើង​ដោយ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង ក​.​អ​.​ក​.​។

​កិច្ចសន្ទនា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក Andreas Zurbrugg ឯកអគ្គរាជទូត​រង​អូស្ត្រាលី​ប្រចាំ​កម្ពុជា​, តំណាង​ក្រសួង ស្ថាប័ន​ចំនួន ១២ របស់​រាជរដ្ឋាភិបាល​កម្ពុជា​, វិនិយោគិន​អូស្ត្រាលី​ដែល​កំពុងមាន​សកម្មភាព​វិនិយោគ​នៅ​កម្ពុជា​ដែល​បាន​ចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ សរុប​ចំនួន​ប្រមាណ ៦០​រូប​។​

​ឯកឧត្តម នុត អ៊ុន​វ័​ណ​រ៉ា បាន​លើកឡើងថា គោលបំណង​នៃ​កិច្ចសន្ទនា​តុមូល គឺ​ដើម្បី​ផ្តល់ឱកាស​ជូន​វិនិយោគិន និង​មន្ត្រី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជួបពិភាក្សា​អំពី​កាលានុវត្តភាព​វិនិយោគ និង​បញ្ហា​ប្រឈម​នានា សំដៅ​រួមគ្នា​រក​វិធី​ដោះស្រាយ​។ ​កិច្ចពិភាក្សា​ក្នុង​កិច្ចសន្ទនា​តុមូល​នាពេលនេះ ក៏​នឹង​ក្លាយជា​មូលដ្ឋាន​នៃ​ការរៀបចំ​សៀវភៅ​ស្តីពី​ឧ​ត្ត​មា​នុ​វត្ត​ន៍​សម្រាប់​កិច្ច​សម្រួល​វិនិយោគ​នៅ​កម្ពុជា ដែល​គម្រោង​នេះ​គាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ផងដែរ​។

​ឯកឧត្តម បាន​ជម្រាបជូន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ភាពជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​អនុញ្ញាត​ឱ្យមាន​ការជួប​ប្រាស្រ័យ​គ្នា​ដោយផ្ទាល់​ក្នុង​កិច្ចសន្ទនា​តុមូល​នាពេលនេះ​។ កត្តា​នេះ បាន​បង្ហាញថា​កម្ពុជា​ជា​ប្រទេស​មាន​សុវត្ថិភាព បាន​បើកទ្វារ និង​រង់ចាំ​ទទួល​ស្វាគមន៍​ការវិនិយោគ​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម បាន​សម្តែង​នូវ​អំណរគុណ​ដល់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី និង​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា ដែល​បានផ្តល់​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ កម្ពុជា​ក្នុងការ​ជំរុញ​និង​ទាក់ទាញ​វិនិយោគ និង​ការចូលរួម​កសាង​និង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​ដែលមាន​ភារកិច្ច​ពាក់ព័ន្ធ​នឹង​កិច្ចការ​វិនិយោគ​នាពេល​កន្លងមក និង​នាពេល​ខាងមុខនេះ​។

​គួរ​រំលឹក​ផងដែរ​ថា ឆ្នាំនេះ​ជា​ខួប​លើក​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អូស្ត្រាលី ហើយ​កិច្ច​ការដែល​យើង​អនុវត្ត​រួមគ្នា​នាពេលនេះ មិន​ត្រឹមតែ​បាន​ចូលរួម​ពង្រឹង​ដល់​ចំណងមិត្តភាព និង​ទំនាក់ទំនង​ការទូត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹងចូលរួម​ពង្រឹង​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close