សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ទទួលបានដៃគូអភិវឌ្ឍន៍ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣
ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងក្រុមហ៊ុន COROS CAMBODIA បានចុះអនុស្សរណៈនៃការយោគយល់ក្នុងគោលបំណង ដើម្បីជួយទ្រទ្រង់គាំទ្រដល់វិស័យកីឡាទ្រីយ៉ាត្លុងកម្ពុជា ដែលនេះជាជំហានថ្មីមួយនៃដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ពិធីចុះអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងរវាងលោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងលោក តាំង តិចឡុង តំណាងក្រុមហ៊ុន COROS CAMBODIA ក្រោមវត្តមានលោកជំទាវ ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។
លោក ងិន សុខបញ្ញា បានបញ្ជាក់ថា ភាពជាដៃគូនេះមានរយៈពេល២ឆ្នាំ (២០២២-២០២៤) ដោយសហព័ន្ធកីឡាទីយ៉ាត្លុងកម្ពុជាជួយសម្រួលនូវរាល់គណៈកម្មាធិការបច្ចេកទេស ក្នុងការរៀបចំកម្មវិធីកីឡាទ្រីយ៉ាត្លុងរបស់ COROS Cambodia និងគាំទ្រក្នុងការបង្កើតកម្មវិធីកីឡាក្នុងផ្សេងៗនៅកម្ពុជា ដែលក្រុមហ៊ុន COROS Cambodia ស្នើសុំដោយស្របតាមគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
COROS Cambodia បានផ្តល់ជូននូវឯកសណ្ឋានថ្មី Tri-Suits ១៨ឈុតទៅដល់កីឡាករជម្រើសជាតិទីយ៉ាត្លុងកម្ពុជា សម្ភារហ្វឹកហាត់ ជាពិសេសនឹងផ្តល់ជូននូវរង្វាន់ជានាឡិកា ឬសម្ភារប្រើប្រាស់បន្ថែម ក្នុងការលើកទឹកចិត្តដល់កីឡាករជម្រើសជាតិណាមួយ ដែលបានទទួលចំណាត់ថ្នាក់ជ័យលាភី ក្នុងការប្រកួតណាមួយ ព្រមទាំងជួយផ្សព្វផ្សាយបន្ថែមនៃវិស័យកីឡាទ្រីយ៉ាត្លុងកម្ពុជា។
គួរបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។