សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​ជប៉ុន​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម យ៉ាម៉ា​ហ្សា​គី កូ​ជី (Yamazaki Koji) អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​នៃ​ប្រទេស​ជប៉ុន​។ ក្នុងជំនួប​នេះ ឯកឧត្តម យ៉ាម៉ា​ហ្សា​គី​កូ​ជី បាន​គោរព​កោតសរសើរ​កម្ពុជា​ដែល​បាន​បញ្ជូន​កង​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ទៅ​ទូទាំង​ពិភពលោក​។

​ឯកឧត្តម ក៏បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​ការពារជាតិ​ស្របទៅតាម​សេចក្តីប្រកាស​រួម​របស់​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ​កន្លងមក​។​

​ឯកឧត្តម យ៉ាម៉ា​ហ្សា​គី បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​បន្ថែមថា ឯកឧត្តម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដោយបាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង​លើ​វិស័យ​ការពារជាតិ ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការហ្វឹកហ្វឺន​សមយុទ្ធ​សម្រាប់​ជំនួយ​មនុស្សធម៌ សង្គ្រោះបន្ទាន់​ពី​គ្រោះមហន្តរាយ និង​ទប់ស្កាត់​អំពី​អំពើ​ភេរវកម្ម​ផង និង​ឈាន​ឆ្ពោះទៅ​ទទួលបាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​ផង​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ និង​សំដែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ចពិភាក្សា​ជាមួយ​ឯកឧត្តម វង្ស ពិ​សេន និង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ចំពោះ​អ្វីដែល​បានលើកឡើង​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​កងទ័ព​ប្រទេស​ទាំងពីរ បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​កម្មវិធី​ដែលមាន​ស្រាប់ យកចិត្តទុកដាក់​ជាពិសេស​លើ​ការហ្វឹកហ្វឺន​រួមគ្នា ក្នុងការ​សង្គ្រោះបន្ទាន់​ពី​គ្រោះមហន្តរាយ និង​ទប់ស្កាត់​អំពើ​ភេរវកម្ម​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជូនពរ​ឯកឧត្តម យ៉ាម៉ា​ហ្សា​គី ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​ការងារ​ជា​បន្តបន្ទាប់​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close