រដ្ឋបាលខេត្តមណ្ឌលគិរីបំភ្លឺរឿងចៅហ្វាយខេត្តប្រមាថអ្នកកាសែត

មណ្ឌលគិរី : ដោយមិនអាចបន្តអត់ទ្រាំចំពោះការវាយបកពីក្រុមអ្នកកាសែតបាន កាលពីរសៀលថ្ងៃទី ២៨មេសា ម្សិលមិញ រដ្ឋបាលខេត្តមណ្ឌលគីរី បានចេញមុខមកបំភ្លឺជុំវិញរឿងចៅហ្វាយខេត្តវ័យក្មេងភាគឦសានមួយនេះប្រមាថអ្នកកាសែត ។

តាមរយៈលិខិតមួយច្បាប់សាលាខេត្តបានលើកឡើងថា មានការកាត់តប្រសាសន៍លោកអភិបាលខេត្ត ថង សាវុន អំឡុងជួបសំណេះសំណាលជាមួយឧទ្យានុរក្សនៅស្នាក់ការត្រពាំងឆ្មារ នៃដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរីកាលពីថ្ងៃទី២៤ មេសា ឆ្នាំ ២០២២ ក្នុងចេតនាទុច្ចរិតធ្វើឲ្យមានការភាន់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្តរូបនេះ ។

យ៉ាងណាក៍ដោយក្រុមអ្នកកាសែតបានហៅសេចក្ដី ប្រកាសព័ត៌មានរបស់សាលាខេត្តនេះថា ជាការពន្លាត់យកល្អមុខខ្វះការទទួលខុសត្រូវ ។ ដោយលើកឡើងថា បុរសដែលមានមុខរបរជាចៅហ្វាយខេត្តរូបនេះពិតជាបានប្រើពាក្យប្រមាថពួកគេដោយហៅថា “អ្នកកាសែតចង្រៃ” មែន ។

សូមបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លង ទៅបានលើកឡើងថា សម្ដេចបានចំណាយពេលជាង ៤០ឆ្នាំធ្វើការជាមួយអ្នកកាសែត ដោយបានប្រកាស ប្រាប់ក្រុមមន្ត្រីរដ្ឋាភិបាលកុំចាត់ទុកអ្នកកាសែតជាសត្រូវ ផ្ទុយទៅវិញត្រូវចាត់ទុកពួកគេជាដៃគូដែលមិនអាចខ្វះបាន ។ ដូច្នេះក្នុងស្ថានភាពបែបនេះបើសិនជាលោក ថង សាវុន បាននិយាយដូចការអះអាងរបស់អ្នកកា សែតមែនមានន័យថា ចៅហ្វាយខេត្តរូបនោះកំពុងតែដើរឆ្ងាយពីមាគ៌ារបស់សម្ដេចហើយ ព្រោះមេដឹកនៅ នៃសង្គមប្រជាធិបតេយ្យ គេមិនដែលបង្ករសង្រ្គាមជាមួយអ្នកកាសែតទេ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close