គម្រោង​ថ្មី​ចំនួន ៣​បន្ថែមទៀត បោះទុន​វិនិយោគ​ជាង ១៩​លាន​ដុល្លារ នឹង​បើក​ដំណើរការ​នៅ​កម្ពុជា

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មី​ចំនួន ៣​បន្ថែមទៀត បើក​ដំណើរការ​ទំហំ​ទុនវិនិយោគ​សរុប​ជាង ១៩​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ជិត ២​ពាន់​កន្លែង​។

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១. ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​ណត​ប្រ៊ី​ត ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥១៤​កន្លែង​។

២. KYLIN (CAMBODIA) SPORTS CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ភូមិ​កណ្តោល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី មាន​ទុនវិនិយោគ​ប្រមាណ ៥,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧១៤​កន្លែង​។​

៣. SPEARHEAD COMMODITIES (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រោង​គោ ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ចំនួន ១០,៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៧៧ កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close