វ៉ាក់សាំង​ជិត ២​លាន​ដូ​ស ជា​ជំនួយ​របស់​អាមេរិក ដឹក​មកដល់​កម្ពុជា​ហើយ​

​ភ្នំពេញ​៖ វ៉ាក់សាំង​ប្រភេទ Pfizer ចំនួន ១,៩៩៩,៥៣០​ដូ​ស ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក តាមរយៈ​យន្ដការ​កូ​វ៉ា​ក់ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២២​នេះ ដោយមាន​ការអញ្ជើញ​ទទួល​ដោយផ្ទាល់​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និង​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​។​

​សូមជម្រាបថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ គឺជា​ជម្រើស​ដ៏​ចាំបាច់​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ការវាយប្រហារ​ដោយ​មេរោគ​កូ​វីដ​១៩​។ ឈរលើ​យុទ្ធសាស្ត្រ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​អគ្គមេបញ្ជាការ​កំពូល​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ បាន​ជំរុញ​ការចាក់​វ៉ាក់សាំង និង​រក​វ៉ាក់សាំង​ប្រកបដោយ​ភាពរហ័សរហួន​បំផុត​។​

​កម្ពុជា ទទួលបាន​វ៉ាក់សាំង​ជា​លើកដំបូង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​បានចាប់ផ្តើម​បើក​ការចាក់​ជូន​ប្រជាពលរដ្ឋ​ជា​លើកដំបូង​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​។ មកដល់​ពេលបច្ចុប្បន្ន​កម្ពុជា កំពុង​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​ជូន​កុមារ​អាយុ​ចាប់ពី ៣​ឆ្នាំ ដល់ ៥​ឆ្នាំ ហើយ​កំពុង​ចាក់​ដូ​ស​ជំរុញ​ជូន​ពលរដ្ឋ​អាយុ​ចាប់ពី ៥​ឆ្នាំ​ឡើង​ផងដែរ​។​

​គិត​ត្រឹម​ថ្ងៃទី​០២ ខែឧសភា កម្ពុជា ចាក់​ដូ​ស​ទី​១ បាន​ចំនួន​ជិត ១៥​លាន​នាក់​, ដូ​ស​ទី​២ បាន​ជាង ១៤​លាន​នាក់​, ដូ​ស​ទី​៣ បាន​ជាង ៨​លាន​នាក់​, ដូ​ស​ទី​៤ បាន​ជាង ១​លាន​នាក់​។ ការសម្រេចបាន​ផែន​ការចាក់​វ៉ាក់សាំង បាន​ចំនួន​ច្រើន​ក្នុង​ល្បឿន​ដ៏​លឿន​នេះ ក៏​ដោយសារ​កម្ពុជា​រក​បាន​វ៉ាក់សាំង​ក្នុង​ល្បឿន​មួយ​ដ៏​លឿន​ផងដែរ​។ មកដល់ពេលនេះ​កម្ពុជា ទទួលបាន​វ៉ាក់សាំង​សរុប​ជិត ៥០​លាន​ដូ​ស ហើយ​នៅសល់​ក្នុង​ស្តុក​ជិត ៩​លាន​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close