សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល និង​ផ្តល់រ​ង្វាន់​ដល់​សិស្ស​និទ្ទេស A ចំនួន​ជាង​១,៧៥៣​នាក់​

​នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ព្រមទាំង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ប្រលង​ជាប់​និទ្ទេស A ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ សរុប ១,៧៥៣​នាក់ ដែល​ពិធី​សំណេះសំណាល​បានធ្វើ​ឡើង​នៅ​សាល​ពិព័រណ៍ OCIC ជ្រោយចង្វារ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​ជួប​ជាមួយ​ក្មួយៗ​ចៅៗ ដែល​បាន​ជាប់​និទ្ទេស A ចំនួន ១,៧៥៣​នាក់ ក្នុង​ឆ្នាំ​២០២១​នេះ​។ សម្តេច​ពិតជា​រីករាយ​ចំពោះ​ចំនួន​ដ៏​ច្រើន​នេះ​។ សម្តេច​តេ​ជោ​បាន​អបអរសាទរ​ជាមួយ​សិស្ស​និទ្ទេស A និង​អាណាព្យាបាល​ទាំងអស់​ដែលមាន​កូន​ក្លាយជា​សិស្ស​ឆ្នើម​។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ​ក៏បាន​សម្តែង​នូវ​ការសោកស្តាយ​ផងដែរ​ចំពោះ​សិស្សានុសិស្ស​ដែល​មិនបាន​ប្រលង​ជាប់ ហើយ​សម្តេច​សង្ឃឹមថា ពួកគេ​នឹង​បន្ត​សិក្សា​នៅ​ឆ្នាំ​២០២២​នេះ ដើម្បី​ប្រលង​ជាថ្មី ឬ​បន្ត​ចាប់យក​ជំនាញ​វិជ្ជាជីវៈ​នៅតាម​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​នានា​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ផ្តើមចេញពី​ការដាក់ចេញ​គោលនយោបាយ​អាទិភាព​លើ​វិស័យ​អប់រំ បានធ្វើ​ឱ្យមាន​ការយក​ចិត្ត​ទុកដាក់​លើ​ការអប់រំ​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ទៅលើ​ការសិក្សា​របស់​សិស្សានុសិស្ស​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បាន​ខិតខំ​សម្របសម្រួល​ក្នុងការ​ប្រឡង​បាក់​ឌុប​នៅ​ទូទាំងប្រទេស ដែល​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនភាព​។​

​មានប្រសាសន៍​ទៅកាន់​ក្មួយៗ និង​ចៅៗ​ទាំងអស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​រំលឹក​ពី​ភាព​ខ្ទេចខ្ទាំ​នៃ​វិស័យ​អប់រំ​នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ពេលនោះ​ធនធាន​អ្នកចេះដឹង​ជាច្រើន​ត្រូវបាន​សំលាប់ចោល ហើយ​សាលារៀន​មួយចំនួន​ក៏ត្រូវ​បានក្លាយ​ទៅជា​គុក និង​ជា​កន្លែង​ឃុំឃាំង​ដាក់​មនុស្ស​។ ក៏ប៉ុន្តែ​ក្រោយពី​យើង​បាន​រំដោះប្រទេស​និង​ទទួលបាន​នូវ​សុខសន្តិភាព គឺ​យើង​បាន​ខិតខំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដែល​បាន​កើន​មាន​ឡើងជា​បន្តបន្ទាប់ ជាពិសេស​រាជរដ្ឋាភិបាល​បាន​ពង្រាយ​សាលារៀន​តាំងពី​ទីប្រជុំជន​រហូត​ដល់ទី​ជនបទ​ដាច់ស្រយាល​រាប់ពាន់​ខ្នង ដើម្បី​ទុកអោយ​កូនចៅ​ប្រជាពលរដ្ឋ​បាន​សិក្សា​រៀនសូត្រ​គ្រប់ៗ​គ្នា ក្នុងនោះ​ថែមទាំង​យើង​បាន​កំណត់ថា ឃុំ​១​មាន​អនុវិទ្យាល័យ​១​។

ចំពោះ​រង្វាន់​លើកទឹកចិត្ត​ដល់​កូនក្មួយ​និង​ចៅៗ​ដែល​ទទួលបាន​និទ្ទេស (A) ទាំង​១,៧៥៣​នាក់ គឺ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២​លាន​រៀល​, សៀវភៅ​អប់រំ​ទូន្មាន​២​ក្បាល (​សៀវភៅ ភិរម្យ អ៊ូ (​ក្រម ង៉ុ​យ​) និង​បណ្ឌិត អ៊ូ ចុង​) , iPad ម្នាក់​១​គ្រឿង ដែលជា​អំណោយ​របស់​ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំង​ប្រាក់​កាក់​ស្លឹង​ខ្មែរ (​បោះពុម្ព​ឆ្នាំ ១៥១៤ ដែល​បាន​ស្រាវជ្រាវ​យក ពី​ប្រទេស​ហូ​ឡង់​មកវិញ​) ចំនួន​ម្នាក់​១​។ ចំពោះ​លោកគ្រូ​អ្នកគ្រូ​ដែលជា នាយក​សាលា បាន​អញ្ជើញ​ចូលរួម ម្នាក់ៗ​ទទួលបាន ថវិការ​ចំនួន ១​លាន​រៀល ជាមួយ​សៀវភៅ​អប់រំ​ទូន្មាន​២​ក្បាល របស់​ភិរម្យ អ៊ូ (​ក្រម ង៉ុ​យ​) និង​បណ្ឌិត អ៊ូ ចុង ព្រមទាំង​ប្រាក់​កាក់​ស្លឹង​ខ្មែរ​១ ហើយ​សាលា​នីមួយៗ​ដែលមាន​សិស្ស​ជាប់​និ​ន្ទេ​ស (A) គឺ​ក្នុង​មួយ​សាលា​ទទួលបាន​ថវិការ ៣​លាន​រៀល​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ដល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​កូនក្មួយ ព្រមទាំង​ចៅៗ សិស្សានុសិស្ស​ទាំងអស់​ជួបតែ​សេចក្តីសុខ​ចម្រើន និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ជា​បន្តទៀត​ក្នុងការ​សិក្សា​រៀនសូត្រ និង​ក្នុង​ការអប់រំ ផ្តល់នូវ​ចំណេះដឹង​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជា​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close