សត្វក្តាន់ ជាសត្វកម្រនៅលើពិភពលោក បង្ហាញវត្តមានប្រមាណ ៧០ក្បាល នៅតំបន់ព្រៃទេសភាពមេគង្គកម្ពុជា
សត្វក្តាន់ចំនួនប្រមាណ ៧០ក្បាល ត្រូវបានអ្នកវិទ្យាសាស្ត្រ តាមដានឃើញរស់នៅក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ព្រៃទេសភាពមេគង្គក្នុងខេត្តក្រចេះ។ លទ្ធផលដ៏គួរឱ្យរំភើបនេះត្រូវបានបញ្ចូនតាមសេចក្តីរាយការណ៍កាលពីសប្តាហ៍កន្លងទៅនេះ ដែលមានការបញ្ជាក់ដោយរូបភាពទទួលបានពីការតាមដានសត្វក្តាន់ដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ្រូនដែលបំពាក់ម៉ាស៊ីនថតប្រើកំដៅ។
កម្មវិធីស្រាវជ្រាវនេះត្រូវបានអនុវត្តដោយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមពីក្រុមអ្នកជំនាញអភិរក្សជីវចម្រុះ BINCO ក្រុមអ្នកជំនាញបច្ចេកវិទ្យាដ្រូននៃម៉ាស៊ីនថតប្រើកំដៅ DRONES GmbH ក៏ដូចជាពីសំណាក់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់នៃដែនជម្រកសត្វព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការ WWF ។
លទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញផងដែរពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនផងដែរ ដែលជាកត្តាចង្អុលបង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រក។ ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងរៀបចំរបាយការណ៍ស្តីពីស្ថានភាព និងចំនួនសត្វក្តាន់ សម្រាប់ការចេញផ្សាយនាពេលខាងមុខនេះ។
សត្វក្តាន់ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាសកល ហើយនៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះធ្លាប់ត្រូវបានអ្នកវិទ្យាសាស្ត្រប៉ានប្រមាណថាបានផុតពូជទៅហើយរហូតដល់មានការរកឃើញឡើងវិញនៅក្នុងឆ្នាំ ២០០៦ នៅក្នុងខេត្តក្រចេះ។ ទោះជាយ៉ាងណាក៏ដោយ សត្វនេះបាន និងកំពុងទទួលរងការគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ និងវិបត្តិអន្ទាក់ ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់។
ដើម្បីជួយសង្គ្រោះសត្វក្តាន់ និង សត្វព្រៃសំខាន់ៗជាសកលជាច្រើនប្រភេទទៀតក្នុងប្រទេសកម្ពុជាពីការបរបាញ់ និងការដាក់អន្ទាក់ យុទ្ធនាការ«អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា»ត្រូវបានរៀបចំឡើង និងបើកឲ្យដំណើរការជាផ្លូវការ កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយមានគោលដៅលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។