រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ អ្នកសារព័ត៌មានត្រូវតែមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ
លើកឡើងនៅក្នុងទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ ក្រោមមូលបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយតែមួយមុខមិនគ្រប់គ្រាន់នោះទេ តែអ្នកសារព័ត៌មានត្រូវតែមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈចៀសវាងការផ្សាយព័ត៌មានបំផ្លើស ដែលធ្វើឲ្យមហាជនបាត់បង់ទំនុកចិត្ត។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្រ្តី គឺធ្វើឡើងបន្ទាប់ពីលោកសង្កេតឃើញថា ក្នុងពេលបច្ចុប្បន្នការផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធអនឡាញ ឬបណ្ដាញសង្គមមានការរីកចម្រើន ដោយសារតែពលរដ្ឋម្នាក់មានឧបករណ៍ផ្សព្វផ្សាយមួយដោយខ្លួនឯងដែលមានដូចជាកាមេរ៉ា ទូរស័ព្ទដៃជាដើម បានធ្វើឲ្យពួកគាត់អាចផ្សព្វផ្សាយនិងទទួលបានព័ត៌មានគ្រប់ទម្រង់ គ្រប់រូបភាព រហ័សទាន់ចិត្ត នៅពេលណា ទីកន្លែងណាក៏បាន ដែលការណ៍នេះបានក្លាយជាឧបសគ្គរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបប្រពៃណី។
ប៉ុន្តែទោះជាយ៉ាងនេះក្ដីលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធអនឡាញនិងបណ្ដាញទំនាក់ទំនងសង្គម គឺគ្រាន់តែជាផ្នែកមួយនៃការផ្ដល់ព័ត៌មានបឋម ដោយលាយឡំព័ត៌មានពិតនិងព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ ដោយសារតែអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមិនមែនជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ។
«នេះជាឱកាសដែលអាចឲ្យអ្នកសារព័ត៌មានរបស់យើង (អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ) នៅតែអាចឈរជើងបានយ៉ាងរឹងមាំនៅលើទីផ្សារតាមរយៈការផ្ដល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយគួរឲ្យទុកចិត្ត រហ័សទាន់ពេលវេលា ពេលណាទីណាក៏បាន ដើម្បីឆ្លើយតបរបស់ប្រជាពលរដ្ឋ»។
តាមការឲ្យដឹងបន្ថែមរបស់លោករដ្ឋមន្ត្រី កម្ពុជាបច្ចុប្បន្នមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាង២ពាន់ស្ថាប័ន ដោយក្នុងនោះគេហទំព័រព័ត៌មានអនឡាញមាន ៧០៦អង្គភាព និងទូរទស្សន៍អនឡាញ ៨១អង្គភាព ដែលជាចំនួនមួយបង្ហាញពីការកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយតាមរយៈបច្ចេកវិទ្យាឌីជីថល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។