អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ គិតត្រឹមចុងខែមេសានេះ សម្រេចបាន ៣៣,៥៨%ហើយ គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ
ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុង ក្រោយប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Dan Sellers ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត ក្រុមការងារនៃគណៈកម្មការទទួលបន្ទុក ការងារសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ។
អង្គប្រជុំបានពិភាក្សាអំពីគម្រោងបំពាក់បរិក្ខារវេជ្ជសាស្ត្រសម្រាប់ដំណើរការអគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ ការធានានិរន្តរភាពថវិកាសម្រាប់កិច្ចដំណើរការការបណ្តុះបណ្តាលបុគ្គលិកជំនាញក្រោមកិច្ចសហការពីមន្ទីរពេទ្យកាល់ម៉ែត ការរៀបចំបណ្តាញផ្គត់ផ្គង់អគ្គិសនី គម្រោងពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងតាមម៉ូដែលស្វយ័ត និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតសម្រាប់តម្រូវរបស់អគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ។
មានមតិស្វាគមន៍ក្នុងកិច្ចចាប់ផ្តើមជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ឯកឧត្តមចង់ឃើញអគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ ត្រូវបានគ្រប់គ្រង និងធ្វើប្រតិបត្តិការតាមម៉ូដែលស្វ័យត ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធានានិរន្តរភាពនៃដំណើរការមន្ទីរពេទ្យនេះប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកស្រុកកោះធំ និង ប្រជាពលរដ្ឋមកពីតំបន់ជុំវិញស្រុកកោះធំ ក៏ដូចជាសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ គិតត្រឹមចុងខែមេសា ឆ្នាំ២០២២ ការងារសាសង់សម្រេចបាន ៣៣,៥៨%ហើយ គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយមុនពិធីបុណ្យចូលឆ្នាំខ្មែរ។
សូមជម្រាបជូនថា៖ គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មាន ទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។
អគារទាំង ០៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យ ការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅខែធ្នូ ឆ្នាំ២០២២ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។