អ្នកទិញគម្រោងផ្ទះល្វែង លី ហាំងសេង នៅសង្កាត់សាលាកំរើក កំពុងយំមិនចេញក្រោយខ្លះបង់លុយគ្រប់ហើយ មិនបានប្លង់ ខណៈសំណង់ក៏សង់មិនទាន់រួច
ប្រជាពលរដ្ឋចំនួន៨គ្រួសារ ដែលមានអ្នកខ្លះរស់នៅក្នុងក្រុងសៀមរាប និងអ្នកខ្លះរស់នៅរាជធានីភ្នំពេញ បានសម្តែងនូវការខកចិត្តស្ទើរយំមិនចេញ ក្រោយពីបានបង់លុយទិញផ្ទះល្វែងបែបអាជីវកម្មរបស់លោក លី ហាំងសេង មានទីតាំងស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមួយល្វែងមានតម្លៃរហូតទៅដល់ជិត៣០ម៉ឺនដុល្លារ តែមិនទទួលបានប្លង់កាន់កាប់ ខណៈសំណង់នោះសាងសង់ក៏មិនរួចរាល់ទៀត។
បើតាមអ្នកទិញនិយាយថា ពួកគាត់ខ្លះបានបង់ប្រាក់ចំនួន៥០ភាគរយ ហើយខ្លះទៀត៧០ភាគរយ និងមានអ្នកដែលបង់ផ្តាច់១០០ភាគរយថែមទៀត ប៉ុន្តែគិតពីពេលដែលបានបង់ប្រាក់ទិញតាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ មានរយៈពេលប្រមាណ២ឆ្នាំទៅហើយ ផ្ទះនោះធ្វើមិនទាន់រួចរាល់ ដោយបានត្រឹមតែចាក់ជាសរសេរ និងប្លង់សេប៉ុណ្ណោះ ខណៈដែលប្លងផ្ទេរកម្មសិទ្ធិ ក៏លោក លី ហាំងសេង ដែលជាម្ចាស់គម្រោង ក៏មិនបានកាត់ឲ្យពួកគាត់ទៀត។
តាមកិច្ចសន្យាទិញលក់ផ្ទះ ដែលបានផ្តិតមេដៃកាលពីខែមករា ឆ្នាំ២០២០ និងដែលយើងទទួលបាន បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលភាគីអ្នកទិញទូទាត់ប្រាក់ដំណាក់កាលទី១រួច ពោលគឺប្រាក់៣០ភាគរយ នៃតម្លៃផ្ទះ ភាគីអ្នកលក់ត្រូវចាប់ផ្តើមធ្វើបែបបទចុះបញ្ជីផ្ទេសិទ្ធិ ផ្ទះ និងដី ដែលបានលក់នោះទៅឲ្យភាគីអ្នកទិញស្របទៅតាមច្បាប់។ ហើយត្រូវសាងសង់ផ្ទះឲ្យចប់សព្វគ្រប់ ១០០ភាគរយ ក្នុងរយៈពេល ១៨ខែ ដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យាតទៅ។
កិច្ចសន្យាក៏បានលើកឡើងដែរថា ក្នុងករណីអ្នកលក់ផ្ទះ សាងសង់ផ្ទះមិនទាន់ពេលវេលាតាមការកំណត់ទេ គឺភាគីអ្នកលក់ត្រូវទូទាត់សងការខូចខាតឲ្យភាគីអ្នកទិញ។ ជាមួយគ្នានេះ ប្រសិនបើភាគីអ្នកលក់ ឈប់លក់ផ្ទះ ឬបំពេញកាតព្វកិច្ចតាមកិច្ចសន្យាមិនបាន គឺភាគីអ្នកលក់ត្រូវទូទាត់សងប្រាក់ដែលបានទទួលពីភាគីអ្នកទិញទាំងប៉ុន្មាន ក្នុងចំនួនមួយទ្វេរជាពីរដងឲ្យទៅភាគីអ្នកទិញវិញ។
យ៉ាងណាក៏ដោយ ចំពោះករណីនេះ យើងនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក លី ហាំងសេង ដែលជាម្ចាស់គម្រោងផ្ទះល្វែងនេះបាននៅឡើយទេនៅថ្ងៃនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។