ក្រសួងការងារ ណែនាំស្តីពីការឈប់បុណ្យ ដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ
ភ្នំពេញ៖ យោងមាត្រា ១៦២ថ្មី នៃច្បាប់ស្តីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ដែល ស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។
ប្រសិនបើកម្មករនិយោជិត និងនិយោជកឯកភាពគ្ន មកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ នោះនិយោជកត្រូវគិតការធ្វើការ បន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% (ពីររយភាគរយ) ឬ ២(ពីរ)ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។
ឧទាហរណ៍៖ កម្មករនិយោជិតម្នាក់មានប្រាក់ឈ្នួលសុទ្ធសាធប្រចាំខែ ២០០$ (ពីររយដុល្លារអាមេរិក) ក្នុងមួយខែ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ កម្មករ និយោជិតនោះនៅតែទទួលបានប្រាក់ឈ្នួលចំនួន ២០០$ (ពីររយដុល្លារអាមេរិក) ក្នុងមួយខែដដែល។ ប្រសិនបើ កម្មករនិយោជិតនោះ ស្ម័គ្រចិត្តមកធ្វើការបន្ថែមនៅថ្ងៃឈប់បុណ្យដែលជាថ្ងៃអាទិត្យនោះ កម្មករនិយោជិតត្រូវ ទទួលបានប្រាក់ឈ្នួលបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% (ពីរយភាគរយ) ឬ ២(ពីរ)ដង នៃប្រាក់ឈ្នួល ថ្ងៃធ្វើការធម្មតា។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ ចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។