មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង មាន​ទុន ១ ៥០០​លាន​ដុល្លារ​អាមេរិក ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​!

​កំពត​៖ នា​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២២ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អញ្ជើញ អមដំណើរ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​របស់​ក្រុមហ៊ុន​កំពត ឡូ​ជី​ស្ទីក អេ​ន ផត នៅ​ភូ​មិច​ង្ហោ​ន សង្កាត់ ព្រែក ត្នោត ក្រុង​បូកគោ ខេត្តកំពត​។​

​ឯកឧត្តម​ទេស រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​តួនាទី​យ៉ាងសំខាន់​នៃ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត ក្នុងការ​លើកដាក់ ផ្ទេរ ទំនិញ​ចេញ​-​ចូល ទៅកាន់​ទីផ្សារ​អន្តរជាតិ ដែល​នឹង​នាំមក​នូវ​ភាពងាយស្រួល និង​ប្រសិទ្ធភាព​ខ្ពស់ ដល់​ពាណិជ្ជករ និង​អ្នកវិនិយោគ នៅក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម ឧស្សាហកម្ម និង​នេសាទ ទៅ​លក់​នៅ​ទីផ្សារ​នៅក្នុង​តំបន់ និង​ពិភពលោក ក៏ដូចជា​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ភស្តុភា​កម្ម និង​កំពង់ផែ​នៅ​កម្ពុជា សំដៅ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដើម្បី​សម្រេចបាន​នូវ​ទិសដៅ​កំណើនសេដ្ឋកិច្ច​តាម​ការរំពឹងទុក​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា​៖ គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ ពហុ​បំណង​កំពត នឹង​ក្លាយជា​កំពង់ផែ​ទឹក​ជ្រៅ និង​ធំ​មួយទៀត​នៅ​កម្ពុជា និង​ដ៏​ទំនើប​លំដាប់​អន្តរជាតិ​នៅក្នុង​តំបន់​អាស៊ាន​។ គម្រោង​នេះ​នឹង​ជួយ​បំពេញបន្ថែម​ទៅលើ​កំពង់ផែ​ដែលមាន​ស្រាប់​ដូចជា​៖ កំពង់ ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ជួយ​ជំរុញ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​ផែនការមេ​ដើម្បី​អភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​បានដាក់ចុះ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​។ ជាងនេះទៅទៀត គម្រោង​នេះ​នឹងចូលរួម​ចំណែក​ផងដែរ​ក្នុង​ការជួយ​អនុវត្ត​ឱ្យ​សម្រេច​ជោគជ័យ​នូវ​ផែនការមេ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​និង ភស្តុភា​រកម្ម និង​ជួយ​បំពេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ផងដែរ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​បន្ថែមថា​៖ ក្រសួង​មាន​ផែន​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ ផ្លូវជាតិ​លេខ​៤១ នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខ ដែល​នឹងមាន​អំណោយផល​ល្អ ក្នុង​ការតភ្ជាប់​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត ជាមួយ​តំបន់​ផ្សេងៗ​នៅ​ទូទាំង ប្រទេស និង​ជាមួយ​ប្រទេសជិតខាង​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​កំពត​ឡូ​ជី ស្ទីក អេ​ន ផត ដែល​បាន​បោះទុន​ដ៏​ច្រើន​វិនិយោគ​លើ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ភស្តុភា​រកម្ម និង​កំពង់ផែ​នៅ​កម្ពុជា សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ផងដែរ​ចំពោះ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) និង​ក្រុមហ៊ុន​សំណង់​ផ្សេងៗ​ទៀត ព្រមទាំង​អាជ្ញាធរ ដែនដី​ខេត្តកំពត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​បានផ្តល់​កិច្ចសហការ​ល្អ​ក្នុងពេល ចុះ​សិក្សា និង​សម្របសម្រួល​ឱ្យ​គម្រោង​នេះ​មានដំណើរ​ការឈាន​មកដល់​ការ​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​នាពេលនេះ​។​

​ជាមួយគ្នា​នោះ​ផងដែរ មានមតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី​នាឱកាស​នោះ ឯកឧត្តម​ឧបនាយក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​គ្រប់​កាលៈទេសៈ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការកែទម្រង់​ដ៏​មុត​ស្រួច​ដែល​បានដាក់​ចេញ តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ យុទ្ធសាស្ត្រ​ត្រីកោណ និង​យុទ្ធ សាស្ត្រ ចតុកោណ​គ្រប់​ដំណាក់កាល និង​ឆន្ទៈ​ដ៏​មោះមុត​លើ​ការបន្ត​កំណែទម្រង់​ស៊ីជម្រៅ បាន​នាំ កម្ពុជា​ទទួលបាន​ការ​រីកចម្រើន​គ្រប់​វិស័យ​។​

​សូម​ជម្រាបជូន​ថា​៖ ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា​លម្អិត គម្រោង​វិនិយោគ​នេះ​ឋិត​ទីតាំង​ដែលមាន លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មាន​សក្តានុពល​ខ្ពស់​សម្រាប់​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង ដោយមាន​កត្តា​អំណោយផល​ពី​ធម្មជាតិ​រួមមាន​៖ ជា​តំបន់​សមុទ្រ​ទឹក​ជ្រៅ និង​ជា​តំបន់​ពុំ​សូវ​រង​ផលប៉ះពាល់​ពី​គ្រោះធម្មជាតិ ដោយមាន​របាំង​ការពារ​ព្យុះ រលក ពី​កោះ​ថ្មី កោះសេះ និង​កោះត្រល់ ជាពិសេស ក្រុមហ៊ុន​ក៏បាន​សាងសង់​ឃ្លង​នាវាចរណ៍​រួចជាស្រេច​ផងដែរ​។​

​មិនតែប៉ុណ្ណោះ ទីតាំង​គម្រោង​នេះ ស្ថិតនៅក្នុង​តំបន់​ដែលមាន​អំណោយផល​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវដែក មកកាន់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា តាមរយៈ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤១ ផ្លូវជាតិ​លេខ​៤ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ផ្លូវជាតិ​លេខ​៤៨ និង​ត​ភ្ជាប់​ផ្លូវដែក​ភាគខាងត្បូង ទៅ​ភាគ​ខាងជើង​នៃ​ប្រទេស​។​

​គម្រោង​វិនិយោគ​នេះ មាន​ផែនការ​អនុវត្ត​ជា​៣​ដំណាក់កាល ជាមួយនឹង​ដើមទុន​វិនិយោគ​សរុប​ប្រមាណ ១៥០០ លាន​ដុល្លារ​អាមេរិក ដែល​នៅក្នុង​ផែនការ​ដំណាក់កាល​ទី​១ គឺមាន​ចំនួន​ប្រមាណ ២០០ លាន​ដុល្លារ​អាមេរិក​។​
​គម្រោង​នេះ​នឹង​រួមមាន​៖ ទីលាន​កុងតឺន័រ តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ពាណិជ្ជកម្ម​សេរី មជ្ឍមណ្ឌល ភស្តុភា​រកម្ម ឃ្លាំង​ស្តុក​ទំនិញ​គ្រប់​ប្រភេទ ឃ្លាំង​ភណ្ឌាគារ​គយ រោងចក្រ​ផលិត និង​ចែកចាយ រោងចក្រ​ចម្រាញ់​ប្រេងឥន្ធនៈ និង​មជ្ឈមណ្ឌល​ប្រេងឥន្ធនៈ តំបន់​លំនៅឋាន និង​ចំណត​នាវា​ដឹក​អ្នកដំណើរ​ទេស ចរណ៍ ព្រមទាំង​ចំណត​នាវា​ប្រភេទ​ជា​សា​ឡង់ ដែល​ភ្ជាប់​ការដឹកជញ្ជូន​ជាមួយ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក្នុងករណី​រាជរដ្ឋាភិបាល​អភិវឌ្ឍ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់​។​

​ចំពោះ​ទីតាំង​កំពង់ផែ​ពហុ​បំណង​មាន​ជម្រៅ​ទឹក​ប្រមាណ​១៥​ម៉ែត្រ និង​អាចឱ្យ​នាវា​ចំណុះ​១០០.០០០ តោន អាច​ចូល​ចត​បាន និង​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​លើកដាក់​ទំនិញ​ចេញ​-​ចូល បាន​ចំនួន​ប្រមាណ ៣០០.០០០ TEU នៅក្នុង​ឆ្នាំ​២០២៥ និង​ប្រមាណ ៦០០.០០០ TEU នៅក្នុង​ឆ្នាំ​២០៣០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close