កីឡាការិនី ខាន់ ចេ​សា ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម

​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អញ្ជើញ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដំណើរ​មកដល់​របស់​កីឡាការិនី​ជឺ​ជី​តស៊ូ​ជម្រើសជាតិ​កម្ពុជា ខាន់ ចេ​សា និង​ឪពុក​របស់​នាង គឺ​លោក Peter Khan រួមទាំង​ម្តាយបង្កើត​របស់លោក​ផងដែរ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥​ឧសភា​នេះ​។​

​ការមកដល់​របស់​កីឡាការិនី​ដ៏​ឆ្នើម​កូនកាត់​ខ្មែរ​-​អាម៉េរិក ខាន់ ចេ​សា គឺ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​១២-២៣ ខែឧសភា ឆ្នាំ​២០២២​។​

​កីឡាការិនី​ជឺ​ជី​តស៊ូ​កម្ពុជា ខាន់ ចេ​សា គឺជា​អតីត​ម្ចាស់​មេដាយមាស កីឡា​អាស៊ី (ASIAN GAMES) នៅ​ប្រទេស​ឥណ្ឌូណេស៊ី ឆ្នាំ​២០១៨ និង​ជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ កាលពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close