ថៃ រំពឹងថា អាចស្វាគមន៍ភ្ញៀវទេសចរ ២០លាននាក់ នៅឆ្នាំក្រោយ
នាយករដ្ឋមន្ត្រីលោក Prayut Chan-o-cha បានឱ្យដឹងថា ប្រទេសថៃអាចរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរ ២០លាននាក់នៅឆ្នាំក្រោយ ឬប្រហែលពាក់កណ្តាលនៃកម្រិតមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោកបានថ្លែងថា ការព្យាករនេះទំនងក្លាយជាការពិតដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនធ្លាក់ទៅរកស្ថានភាពអាក្រក់ឡើយ និងគ្មានការលេចឡើងការគំរាមកំហែងថ្មីចំពោះវិស័យទេសចរណ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Prayut ថា ភ្ញៀវទេសចររាប់ម៉ឺននាក់កំពុងចូលមកក្នុងប្រទេសរៀងរាល់ថ្ងៃ ហើយស្ថានភាពបានប្រសើរឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការរឹតបន្តឹងការចូលប្រទេសត្រូវបានបន្ធូរបន្ថយ។
លោកបានបន្តថា ផែនការកំណត់យកកម្រៃភ្ញៀវទេសចរអន្តរជាតិសម្រាប់ការធ្វើដំណើរក្នុងប្រទេសថៃនៅមិនទាន់អនុវត្តនៅឡើយទេ ដោយរង់ចាំការពិភាក្សាបន្ថែមទៀត ហើយទោះបីជាមានការថមថយចុះបន្តិចនៃកំណើនសេដ្ឋកិច្ចក៏ដោយ ក៏ការកើនឡើងនៃការនាំចេញដោយសារតែប្រាក់បាតធ្លាក់ចុះ ជាពិសេសផលិតផលកសិកម្ម និងការកើនឡើងភ្ញៀវទេសចរបរទេសផ្តល់ហេតុផលសម្រាប់សុទិដ្ឋិនិយមនេះ។
ការថ្លែងរបស់លោកធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅសប្តាហ៍នេះ។ លោកបានបន្តថា ជារួមសេដ្ឋកិច្ចថៃបានកើនឡើង ក្នុងអត្រាប្រសើរក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។