ផ្លូវ​បេតុង​អារ​មេ​មួយ​ខ្សែ​ប្រវែង ៨៨៥​ម៉ែត្រ និង​ស្ពាន​បេ​ឡេ​ត៍​មួយកន្លែង នៅក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

​ខេត្តកណ្ដាល​៖ កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​បេតុង​អារ​មេ​មួយ​ខ្សែ​ប្រវែង​៨៨៥​ម៉ែត្រ និង​ស្ពាន​បេ​ឡេ​ត៍​មួយកន្លែង ស្ថិតនៅ​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ៥៦០​នាក់​។​

​ថ្លែង​ក្នុង​មតិ​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​ភាពជោគជ័យ​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​ប្រទេស​យើង​បាន​បើក​ដំណើរការ​សេដ្ឋកិច្ច សង្គម​ទាំងស្រុង​ឡើងវិញ តាមរយៈ​ការសម្រេចបាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​បាន​ច្រើនជាងគេ​លំដាប់​ទី​ពីរ នៅក្នុង​ពិភពលោក​។

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​ពី​សមិទ្ធផល​ជាច្រើន​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះធំ ដែល​រួមមាន​ផ្លូវជាតិ​លេខ​២១ ស្ពាន​ឆ្លងទន្លេ​បាសាក់​កោះធំ ផ្លូវ​លេខ​១១០ មន្ទីរពេទ្យ​តេ​ជា​សែន កោះធំ មណ្ឌល​សុខភាព ផ្លូវ​បេតុង​ជាច្រើន​ខ្សែ និង​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជាច្រើន​ទៀត​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ជីវភាព​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ផងដែរ​អំពី​គម្រោង​បំពាក់​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​ពេលយប់​តាម​បណ្ដាញ​ផ្លូវ​បេតុង​ដែល​បាន​សាងសង់​រួច​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធានាបាន​សន្តិសុខ​សុវត្ថិភាព​ផងដែរ​។

​បន្ទាប់ពី​កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង និង​ស្ពាន​មួយកន្លែង​នាពេលនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ពាក់ព័ន្ធ​របស់​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​មន្ទីរពេទ្យ​តេ​ជោ​សែន កោះធំ ដើម្បី​ធានា​គុណភាព​សំណង់​ស្របតាម​កិច្ចសន្យា​ដែល​មានចែង​នៅក្នុង​សៀវភៅ​បន្ទុក ហើយ​គិត​រហូត​មកទល់ពេលនេះ ការសាងសង់​សម្រេចបាន ៣៣,៥៨%​ហើយ គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២៣​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

​សូម​ជម្រាបជូន​ផងដែរ​ថា ផ្លូវ​បេតុង​អារ​មេ ប្រវែង​៨៨៥​ម៉ែត្រ និង​ស្ពាន​មួយកន្លែង​ដែល​សម្រេចបាន​នៅថ្ងៃនេះ​នឹងចូលរួម​ចំណែក​ក្នុងការ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូនរ​បស់បង​ប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close