ក្រុមកីឡាថាសហោះភ្នំដា ឈ្នះពានរង្វាន់ស.ស.យ.ករាជធានីភ្នំពេញ
បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញពេញ១ថ្ងៃ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ការប្រកួតកីឡាថាសហោះ ពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញបានបញ្ចប់ដោយជោគជ័យ ដោយក្រុមក្រុមកីឡាករ-កីឡាការិនីថាសហោះភ្នំដាឈ្នះពានរង្វាន់នេះតែម្តង។
ក្រុមកីឡាករ-កីឡាការិនីថាសហោះភ្នំដា ចំណាត់ថ្នាក់លេខ១ ស្របពេលក្រុមចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាករ-កីឡាការិនីថាសហោះកោះកេរ្ដិ៍ រីឯក្រុមកីឡាករ-កីឡាករីថាសហោះសំបូរព្រៃគុកដណ្តើមបាន ចំណាត់ថ្នាក់លេខ៣។
លោក បែ មករា ប្រធាននាយកកម្មវិធីកីឡាភ្នំពេញ នៃស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៍នេះមានក្រុមចូលរួមសរុបចំនួន៨ ដោយចែកចេញជាពីរពូល ហើយធ្វើឡើងក្នុងគោលបំណងចម្បង ក្នុងការបំផុសស្មារតីយុវជនឲ្យចូលរួមលេងកីឡាកាន់តែច្រើនបន្ថែមទៀត។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រឹងប្រកួតរបស់កីឡាករ កីឡាការិនីរហូតឈានដល់ការស្វែងរកបានម្ចាស់ជ័យលាភីនាពេលនេះ។
បន្ថែមទៀតថា ដោយមើលឃើញពីផលល្អ នៃកីឡាមួយនេះ ដែលមានគោលការណ៍ Fair-Play ត្រឹមត្រូវ ដោយលេងមិនមានអាជ្ញាកណ្ដាល ហើយវាបានផ្ដោតសំខាន់លើភាពស្មោះត្រង់ជាគោលនោះ ដូច្នេះលោកបានជំរុញយុវជន និងប្រជាពលរដ្ឋកម្ពុជាចូលរួមលេងកីឡាថាសហោះឲ្យបានច្រើន ដើម្បីអភិវឌ្ឍកីឡានេះឲ្យកាន់តែរីកចម្រើន ឈានទៅរកការប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ នាពេលខាងមុខ។
លោក បែ មករា សង្កត់ធ្ងន់ថា កីឡាថាសហោះនេះ គឺជាប្រភេទកីឡាថ្មីមួយ សម្រាប់កម្ពុជា ហើយការរៀបចំកាប្រកួតនេះ គឺដើម្បីបំផុសឲ្យយុវជនចូលរួមលេងកីឡាឲ្យកាន់តែច្រើន ព្រមទាំងចូលរួមគាំទ្រដល់យុទ្ធនាការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
«ដូច្នេះក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ និងយុវជនខ្មែរទាំងអស់សូមចូលរួមគាំទ្រដល់ស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា ជាពិសេសធ្វើឲ្យពិភពលោកបានស្គាល់កម្ពុជាបន្ថែម តាមរយៈការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។