ទិដ្ឋភាពនៃការដង្ហែរក្បួនព្យុហយាត្រា ខួប៧៧ឆ្នាំ ទិវាជ័យជម្នះ ៩ឧសភានៅរុស្ស៊ី
នៅថ្ងៃទី៩ខែឧសភា គឺជាទិវាជ័យជម្នះនឹងត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងធំៗរបស់រុស្ស៊ី ដោយមានការដង្ហែរក្បួនព្យុហយាត្រា និងបាញ់កាំជ្រួចផ្កាភ្លើងអបអរសាទរ។ ពិធីដង្ហែរក្បួនព្យុហយាត្រា ត្រូវបានធ្វើឡើងក្រោយរយៈពេល ២ឆ្នាំ ផ្អាកដោយសារកូវីដ១៩ ។ នៅក្នុងទីក្រុងចំនួន២៨ ក្នុងប្រទេសរុស្ស៊ី បានប្រារព្ធពិធីដង្ហែរក្បួនព្យុហយាត្រា គម្រប់ខួប ៧៧ឆ្នាំទិវាជ័យជម្នះអស្ចារ្យ។
នៅក្នុងទីក្រុងមូស្គូវិញ ក្នុងទីលានក្រហម មានពលរដ្ឋជាង ៦៥ពាន់នាក់ចូលរួម និងកម្លាំងទាហានមកពី ២៤០០កងពល និងអាវុធទំនើបៗ ដង្ហែរនៅលើដងផ្លូវក្នុងទីលានក្រហម។
កាលពីថ្ងៃទី ៧ខែឧសភា កម្លាំងទាហានរុស្ស៊ីបានចាប់ផ្តើមហ្វឹកហាត់សម្រាប់ការដង្ហែរក្បួនសមយុទ្ធ នាថ្ងៃទី ៩ខែឧសភា ជាថ្ងៃទទួលបានជ័យជម្នះលើរបបហ្វាស៊ីដ អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ ។ ក្នុងការហ្វឹកហាត់មានកាំជ្រួចមីស៊ីលឆ្លងទ្វីប RS-24 Yars និងយន្តហោះចម្បាំង ជាច្រើនគ្រឿងចូលរួម។
ទិវាជ័យជម្នះ គឺជាថ្ងៃបុណ្យដ៏សំខាន់បំផុតនៅរុស្សី ត្រូវបានប្រធានាធិបតីពូទីនធ្វើឲ្យរស់ឡើងវិញ ដោយមានពិធីដង្ហែរក្បួនយ៉ាងអាធឹកអាធម្ម នឹងទ្រង់ទ្រាយធំចាប់តាំងពីឆ្នាំ១០១៤មក ។ ពិធីនេះបានប្រែក្លាយជាថ្ងៃដែលរុស្ស៊ីបង្ហាញសព្វាវុធទំនើបៗរបស់ខ្លួន ។
តាមរបាយការណ៍ មានជនជាតិស៊ូវៀតប្រមាណ២៧ លាននាក់ស្លាប់នៅក្នុងសង្គ្រាមលោកលើកទីពីរ គឺច្រើនជាងប្រទេសផ្សេងទៀត ។ ពលរដ្ឋរុស្ស៊ីនៅតែចងចាំថ្ងៃនោះមិនភ្លេចឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។