ក្រុមហ៊ុនធំៗ ១៣ ប្រកាសផ្តល់ឱកាសការងារ ១៦១២ កន្លែងដល់យុវជនក្នុងវេទិកាការងាររបស់ NEA
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រុមហ៊ុនធំៗចំនួន១៣ រៀបចំវេទិកាការងារប្រចាំខែ ដោយផ្តល់នូវឱកាសការងារចំនួន ១៦១២ កន្លែង ក្នុងមុខជំនាញផ្សេងៗគ្នា។
ចំពោះសិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
ក្រុមហ៊ុនធំៗទាំង១៣ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកា ការងាររបស់NEA នោះរួមមាន៖ សណ្ឋាគារភ្នំពេញ, ធនាគារកាថេយូណៃធីត, ដាយណូស័រអាឡាយ, Online, Almond Hospitality Group, Lee’s, ក្រុមហ៊ុន SOKIMEX, Brown Coffee, ធនាគារហត្ថា, MJQ Mengly J.Quach Education, iCare Benefits Group ,TOA និងក្រុមហ៊ុន BETAGRO។
វេទិកាការងារនេះ នឹងត្រូវបានរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានា បាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។