ចុង​សប្ដាហ៍​ទី​១ ខែឧសភា​! កម្ពុជា ទទួលភ្ញៀវ​ទេសចរ​ជិត ៣០​ម៉ឺន​នាក់​

​ភ្នំពេញ​៖ នា​ចុង​សប្តាហ៍ ថ្ងៃទី​៧ -៨ ខែឧសភា ឆ្នាំ​២០២២ មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ចំនួន​២៩៩,៨៨៨​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២៨៣,៩៩០​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១៥,៨៩៨​នាក់​។ នេះ​បើតាម​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បានបញ្ជាក់​នា​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៦១,០២០​នាក់​
* រាជធានី​ភ្នំពេញ ៤០,៤៨០​នាក់​
* ខេត្តបាត់ដំបង ៣៤,៧៩០​នាក់​
* ខេត្តកំពត ៣០,៧០៥​នាក់​
* ខេត្ត​កែប ២៩,៥០៩​នាក់​
* ខេត្តសៀមរាប ១៨,៦៩៦​នាក់​
* ខេត្តពោធិ៍សាត់ ១៥,១១១​នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា នេះ​ជា​សប្តាហ៍​ទី​៣​ជាប់​គ្នា​បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ដែល​ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង​មាន​ចំនួន​ប្រមាណ​៣០​ម៉ឺន​នាក់ ខណៈដែល​មុន​ពិធីបុណ្យ​ចូលឆ្នាំ ចរន្ត​ភ្ញៀវ​ជា​មធ្យម​ក្នុង​ចន្លោះ​២០-២៥​ម៉ឺន​នាក់​។​

​បើតាម​ឯកឧត្ដម ថោង ខុន ខេត្ត​តំបន់ឆ្នេរ​នៃ​ខេត្ត​ព្រះសីហនុ កែប និង​កំពត រួមជាមួយ​គោលដៅ​ទេសចរណ៍​នៅ​ភាគ​ពាយព្យ​នៃ​ខេត្តសៀមរាប បាត់ដំបង និង​ពោធិ៍សាត់ នៅតែ​ជា​គោលដៅ​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​នា​ចុង​សប្តាហ៍​កន្លងមក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close