កម្ពុជា គឺ​ចង់​ជំរុញឱ្យមាន​លំហូ​ទេសចរ​ទី​ម័​រ​ឡេ​ស្ដេ មក​អាស៊ាន​ឱ្យបាន​ច្រើន​

​ភ្នំពេញ​៖ អាស៊ាន​បានដាក់​ចេញរួច ហើយ​នូវ​ស្មារតី​ជំរុញ​ចលនា​ទេសចរ​ផ្ទៃក្នុង​អាស៊ាន​ឱ្យបាន​ខ្លាំងក្លា​ឡើងវិញ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វី​១៩​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ក្នុងនោះ​កម្ពុជា​បានបង្ហាញ​អំពី​គោលបំណង​ចង់ឱ្យ​ស្មារតី​នេះ​ពង្រីក​ឱ្យបាន​ដល់​ប្រទេស​ទី​ម័​រ​ឡេ​ស្ដេ ខណៈ​ភ្ញៀវទេសចរ​ក្នុងប្រទេស​នេះ​ក៏​និយម​ចេញ​ដើរលេង​ក្រៅប្រទេស​ច្រើន​ដែរ​។​

​ក្នុងជំនួប​ពិភាក្សា​ជាមួយ​ភាគី​ទី​ម័​រ​ឡេ​ស្ដេ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សព្វថ្ងៃនេះ​ទោះបី យើង​កំពុង​ជំរុញ​ចលនា​ទេសចរ​ផ្ទៃក្នុង​អាស៊ាន តាម​ស្មារតី​នៃ​សេចក្តីសម្រេចចិត្ត​របស់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ក៏ពិតមែន តែដោយសារ​ទី​ម័​លេ​ស្ត​ក៏​ស្ថិតក្នុង​តំបន់​តែមួយ ហើយ​កន្លងមកនេះ​ក្នុងនាម​កម្ពុជា​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អា​ស៉ី​អាគ្នេយ៍​ក៏​បាននិងកំពុង​ជំរុញ​កិច្ច​សហ​ប្រតិការ​យ៉ាងសកម្ម​ផងដែរ​នោះ​»​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​ចង់ឃើញ​មាន​លំហូរ​ទេសចរ​ទី​ម័​រ​ឡេ​ស្តេ​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។​
​ជំនួប​ពិភាក្សា​នេះ​ធ្វើឡើង​នា​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ខណៈ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន រីឯ​ខាង​ភាគី​ទី​ម័​រ​ឡេ​ស្ដេ​គឺមាន​ឯកឧត្ដម អា​ហ្គី​អូ ពែ​រ៉េ​អ៉ី​រ៉ា (Agio Pereira) ទេសរដ្ឋមន្ត្រី​ទី​ម័​រ​ឡេ​ស្ដេ និង​ឯកឧត្ដម អេ​រ​ម៉េ​ណេ​ឈី​ល​ដូ គូ​ប៉ា ឡូ​ប​ប៉េ​ស (Ermeneglido Kupa Lopes) ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ឡេ​ស្តេ​ប្រចាំ​កម្ពុជា​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់​ពី​គោលបំណង​ចង់​សម្រួលការ​ធ្វើដំណើរ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ទី​ម័​រ​ឡេ​ស្ដេ ក្នុងនោះ​មានការ​ជំរុញឱ្យមាន​ជើងហោះហើរ​ត្រង់ ការលើកលែង​ទិ​ដ្ឋ​ការ ខណៈពេល​បច្ចុប្បន្ន​មិនទាន់មាន​ការលើកលែង​ទិ​ដ្ឋ​ការ​នៅឡើយ​ទេ​។​

​ក្រៅពីនេះ គឺ​ចង់​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការផ្សព្វផ្សាយ​រួមគ្នា ក្នុងនោះ​ប្រសិនបើ​កម្ពុជា​ទៅ​ផ្សព្វផ្សាយ​នៅ​ប្រទេស​ទី​ម័​រ ទី​ម័​រ​ក៏​ជួយ​ត្រូវ​ផ្ដល់​កិច្ចសហការ​ជាមួយ​កម្ពុជា ហើយ​ប្រសិនបើ​ទី​ម័​រ​មក​ផ្សព្វផ្សាយ​នៅ​កម្ពុជា កម្ពុជា​ក៏ត្រូវ​ផ្ដល់​កិច្ចសហការ​ទៅវិញ​ផងដែរ​។ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​អំពី​កិច្ចសហការ​ជួយ​គ្នា​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ផងដែរ​។​

​សូមជម្រាបថា ភាគី​ទាំងពីរ​ក៏​កំពុង​ជំរុញ​បញ្ចប់សេចក្តី​អនុស្សរណៈ​ជាមួយគ្នា​លើ​វិស័យ​ទេសចរណ៍ ហើយនឹង​ត្រូវ​ចុះហត្ថលេខា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close