កម្រងរូបភាពជីវៈចម្រុះកម្ពុជា ក្នុងដែនជម្រកសត្វព្រៃស្រែពក!
នេះជាកម្រងរូបភាព ពីដែនជម្រកសត្វព្រៃស្រែពក ដែលក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា បានចុះផ្តិតយករូបភាព កាលពីថ្ងៃ ២៣ ដល់២៥ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ។ ដែនជម្រកសត្វព្រៃស្រែពក ប្រភេទព្រៃល្បោះចុងក្រោយគេបង្អស់ក្នុងតំបន់ និងពិភពលោក! Srepok Wildlife Sanctuary – The Last Dry Forest!
ដែនជម្រកសត្វព្រៃស្រែពកត្រូវបានបង្កើតឡើងតាមរយៈអនុក្រិត្យលេខៈ៨៥ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលមានផ្ទៃដីទំហំ ៣៧២.៩៧១ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងអនុក្រឹត្យលេខៈ ២៩ អនក្រ.បក ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពី ការកំណត់និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក ជា៤តំបន់ រួមមានៈ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចិរភាព និងតំបន់សហគមន៍។
ដែនជម្រកសត្វព្រៃស្រែពក គ្រប់ដណ្តប់ដោយប្រភេទព្រៃល្បោះដ៏ធំល្វឹងល្វើយ ធំជាងគេ និងចុងក្រោយគេបង្អស់ក្នុងតំបន់ និងពិភពលោក ហើយដែលមានតម្លៃបំផុត សម្រាប់ការងារខាងផ្នែកអភិរក្ស និងការធានា នូវប្រព័ន្ធអេកូឡូស៊ី។ ព្រៃរបោះគឺជាព្រៃដែលមានដើមឈើតូចៗ ឬធំល្មម ហើយដុះរង្វើល ឃ្លាតៗពីគ្នា ព្រៃប្រភេទនេះ ផ្តល់ផល ប្រយោជន៍យ៉ាងច្រើន ដល់ពពួកសត្វក្រចកជើងចំពាម ឬ សត្វប្រភេទដទៃទៀត អាស្រ័យរស់នៅ។
ដែនជម្រកសត្វព្រៃស្រែពកជាជម្រកសម្រាប់ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះជាសកលដូចជា ដំរីអាស៊ី ខ្លារខិន ខ្លាពពក ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស ក្រពើភ្នំ និងប្រភេទមច្ឆាជាតិរាប់សិបប្រភេទផ្សេងទៀតជាដើម ដែលជាធនធានដ៏កម្រ និងមានតម្លៃសម្រាប់មនុស្សជាតិក្នុងប្រទេសកមម្ពុជា ក្នុងតំបន់ និងក្នុងសកលលោកទាំងមូល។
បន្ថែមលើនេះទៀតវាក៏ជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ដែលចង់ដើរលេងកំសាន្តបែបទេសចរណ៍ធម្មជាតិនិងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ៕
https://www.facebook.com/photo/?fbid=10209616197357956&set=pcb.3269528916609256
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។