កម្ពុជា លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​កង់ មុនពេល​ចេញទៅ​ស៊ី​ហ្គេម​

ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​អញ្ជើញ​សំណេះសំណាល​ផ្តល់​ការលើកទឹកចិត្ត​ជូន​ដល់​កីឡាករ កីឡាការិនី​ទោចក្រយាន​ជម្រើសជាតិ​ក​ម្ពុ​ជា​ឲ្យ​ប្រឹងប្រែង​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព នៅក្នុង​ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដើម្បី​ដណ្តើម​ឲ្យ​បាន​នូវ​លទ្ធផល​ល្អ​ជូន​ជាតិ​។​

​ក្នុងនាម​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពា​ពិ​ជ្ជ​កម្ម និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន ឯកឧត្តម កឹម សុខុន ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​ចំនួន ១៣​នាក់ ក្នុង​ម្នាក់ ៨​សែន​រៀល​។

​ឯកឧត្តម កឹម សុខុន បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្មារតី​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាងសកម្ម នាពេល​កន្លងមក ដើម្បី​ត្រៀម​ចូលរួម​ប្រកួត ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម នាពេលខាងមុខ​ឆាប់ៗ​នេះ​។​

​ឯកឧត្តម​អនុប្រធាន​ក៏បាន​ជំរុញ​បន្ថែម​ជូន​ដល់​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កង់​គ្រប់រូប​រក្សា​ឲ្យ​បាន​វិន័យ ក្រមសីលធម៌ ដើម្បី​លើកតម្កើង​កិត្តិយស​ជាតិ​ជាធំ​។ ជាមួយគ្នា​នោះ ឯកឧត្តម​ក៏​កោតសរសើរ​ចំពោះ​កីឡាករ​កូន​ខ្មែរ​នៅ​អាម៉េរិក ផាន់ ចូ​ណា​ថា​ន់ (Phan Johnny) ដែល​បាន​លះបង់​ពេលវេលា និង​ការ​ខំប្រឹង​គ្រប់បែបយ៉ាង ដើម្បី​បានមក​ប្រកួត​តំណាង​ជាតិ និង​ប្ដេជ្ញា​ដណ្ដើម​មេដាយ​ជូន​ជាតិ ប្រកបដោយ​ឆន្ទៈ​ស្នេហា​ជាតិ​។​

​កីឡាករ​ខ្មែរ​-​អាមេរិក ផាន់ ចូ​ណា​ថា​ន់ និយាយថា ខ្លួន​ពិតជា​រីករាយ​ជាខ្លាំង បន្ទាប់ពី​បានធ្វើ​ដំណើរ​មកដល់​ក​ម្ពុ​ជា និង​ត្រៀម​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។ Johnny ថា​ខ្លួន​បាន​ត្រៀម​រួចរាល់ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ជាមួយ​គោលដៅ​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​ទៀតផង​។ Johnny ថា នេះ​គឺជា​ក្ដី​ស្រ​ម៉ៃ​មួយ ដែល​ខ្លួន​ប៉ង​មក​ប្រកួត​តំណាង​ប្រទេស កំណើត​របស់ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close