អគ្គ​ស្នងការរង​នគរបាលជាតិ អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន និង​សហគ្រាស​ទាំងអស់​ត្រូវមាន​ច្បាប់ទម្លាប់​

​ព្រះសីហនុ ៖ អគ្គ​ស្នងការរង​នគរបាលជាតិ ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន និង​សហគ្រាស​ទាំងអស់​ត្រូវមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន​ណា​ដែល​មិនទាន់​មានច្បាប់ ត្រូវ​រួសរាន់​ទៅសុំ​ច្បាប់​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​ក្រុមហ៊ុន​របស់ខ្លួន​កំពុង​បោះទីតាំង​។​

​ទន្ទឹមនឹង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ហើយ​នោះ ក្រុមហ៊ុន​សន្តិសុខ​ឯកជន និង​សហគ្រាស​ទាំងអស់ ត្រូវ​រៀបចំ​ឯកសណ្ឋាន​បុគ្គលិក​ឲ្យ​បាន​ស្អាតបាត សមរម្យ​សក្តិសម ជា​បុគ្គលិក​សន្តិសុខ​ឯកជន​។​

​ការ​ថ្លែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ច្បាប់ ភ្នាក់ងារ​សន្តិសុខ​ឯកជន នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយមាន​សន្តិសុខ​ឯកជន ចូលរួម​ចំនួន​៣០​សហគ្រាស បុគ្គលិក​១៥៤​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​បញ្ជាក់ថា ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ត្រូវ​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់ ទៅលើ​សាវតា ប្រវត្តិរូប​របស់​បុគ្គ​លិ​ក​ម្នាក់ៗ មុននឹង​សម្រេចចិត្ត​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ ព្រោះ​ខ្លាចក្រែង​ប៉ះចំ​បុគ្គលិក​ដែលមាន​ប្រវត្តិ​មិនល្អ ជាហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ក្រុមហ៊ុន​។​

​អគ្គ​ស្នងការរង​រូបនេះ បាន​បន្តថា ភ្នាក់ងារ​សន្ដិសុខ​ឯកជន​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ក្រៅ​អំពី​ភារកិច្ច​របស់ខ្លួន​ដែល​ឈរជើង​នៅតាម​គោលដៅ​គ្រឹះស្ថាន​ឯកជន ដែល​ការចូលរួមចំណែក​នេះ គឺ​ពិត​ជាមាន​សារសំខាន់ ក្នុងការ​បំពេញភារៈកិច្ច​របស់​ខ្លូន ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​។​

​លើសពីនេះ លោក​ឧ​ត្ត​ម​សេនីយ៍ ឌី វិជ្ជា ក៏បាន​ណែនាំ​ទៅកាន់​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ផ្ដល់​សេវាកម្ម និង​សហគ្រាស​គ្រឹះស្ថាន ត្រូវ​ចាត់​បញ្ជូន ភ្នាក់ងារ​សន្ដិសុខ​ឯកជន​របស់ខ្លួន មក​ទទួល​ការបណ្ដុះបណ្ដាល តាម​ការស្នើសុំ​របស់​នា​យក​ដ្ឋា​ន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ស្របតាម​អនុក្រឹត្យ ដែល​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់ ត្រូវតែ​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close