ករណី​បុរស​ឈ្មោះ ស៊ាន វុទ្ធី បាន​ប្រើ​ហិង្សា​មកលើ​ស្ត្រី ហាំង ស៊ី​វត្ថិ​វណ្ណ​នី​ដា បណ្ដាលឱ្យ​របួសធ្ងន់​ធ្ង​រ បាន​សង​សំណង ៥០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​

​ខេត្ត​ព្រះសីហនុ​៖ សូម​ជម្រាបជូន​សាធារណជន និង​បងប្អូន​សារព័ត៌មាន​មេត្តា​ជ្រាបថា តាម​របាយការណ៍​បឋម កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ បានទទួល​បណ្ដឹង​រប​ស់​ស្ដ្រី​ឈ្មោះ ហាំង ស៊ី​វត្ថិ​វណ្ណ​នី​ដា ពី​ករណី​បុរស​ឈ្មោះ ស៊ាន វុទ្ធី បាន​ប្រើ​ហិង្សា​មកលើ​នាង បណ្ដាលឱ្យ​នាងរង​របួស​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២២ នៅ​បន្ទប់​ជួល​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ដ​ព្រះសីហនុ​។

​យោង​កំណត់ហេតុ​បំភ្លឺ នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បានឱ្យដឹងថា​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៣​ទាបភ្លឺ កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២២ ដោយ​ស្ដ្រីជន​រងគ្រោះ​បាន​ទៅរក​ជួប​អតីត​ប្ដី ឈ្មោះ ស៊ាន សា​រ៉ា​ឌី នៅ​បន្ទប់​ជួល​ទីតាំង​ខាងលើ ដោយ​នាង​បាន​តោង​របង​(​ផ្លោះ​របង​)​ចូលក្នុង​បរិវេណ​ផ្ទះជួល ហើយ​ដើរ​សំដៅ​បន្ទប់​ជួល​របស់​អតីត​ប្ដី​នាង ដោយ​ឃើញ​បង្អួច​បិទ​ជិត នាង​បាន​យក​កាំបិត​តាំង​តោ​នៅក្នុង​រោង​បាយ មក​កាប់​ទ្វារ​កញ្ចក់​បង្អួច​បន្ទប់​អតីត​ប្ដី បណ្ដាលឱ្យ​បែក​កញ្ចក់​អស់​០១​ផ្ទាំង តែ​នាង​មិនឃើញ​ប្ដី​នាង​ក្នុង​បន្ទប់​នោះទេ​។

​នាង​ក៏បាន​ដើរចេញ​វិញ​ទៅ​ឈរ​ស្រែកហៅ​ឈ្មោះ​ឌី​(​ជា​អតីត​ប្ដី​)​ខ្លាំងៗ នៅមុខ​បន្ទប់​របស់​ឈ្មោះ ស៊ាន វុទ្ធី ជា​បងថ្លៃ​។ ពេលនោះ​ឈ្មោះ ស៊ាន វុទ្ធី និង​ប្រពន្ធ បាន​ចេញពី​បន្ទប់​មក​ស្ដី​ឱ្យឈ្មោះ ហាំង ស៊ី​វត្ថិ​វណ្ណ​នី​ដា ហើយក៏​បណ្ដាលឱ្យ​មានការ​ទាស់សំដី​គ្នា​បង្ក​ជា​ហិង្សា​កើតឡើង​(​ប្រតាយប្រតប់​) រវាង​ស្រី្ដ​រងគ្រោះ និង​ប្រពន្ធ​របស់​ឈ្មោះ ស៊ាន វុទ្ធី​។

ក្រោយមក​ម្ចាស់ផ្ទះ​ឈ្មោះ នូ ចន្ទ​ដូ​រេ​ន បានមក​ហាមឃាត់​ភាគី​ទាំងសងខាង​តែ​ពួកគេ​មិន​ស្ដាប់ ហើយ​ឈ្មោះ ស៊ាន វុទ្ធី បាន​ប្រើ​ទុយោ​ជ័រ​(​ទំហំ​២១​ម​.​ម​)​វាយ​ទៅលើ​ស្ដ្រី​រងគ្រោះ​បណ្ដាលឱ្យមាន​របួស​ភ្លៅ និង កំភួនជើង​ផ្នែក​ខាងក្រោយ ដើម្បី​ទម្លាក់​កាំបិត​ពី​ដៃ​ស្ត្រី​ឈ្មោះ ហាំង ស៊ី​វត្ថិ​វណ្ណ​នី​ដា​។

​ក្រោយ​ហេតុការណ៍​ភ្លាមៗ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​លេខ​៣ និង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ចុះ​អន្ដរាគមន៍ កន្លែងកើតហេតុ​ដោយបាន​នាំ​ភាគី​ទាំងសងខាង រួម​និង​សាក្សី ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​។

​ជា​លទ្ធផល​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​សម្របសម្រួល​គ្នា​បញ្ចប់រឿង ដោយ​ស្ដ្រីជន​រងគ្រោះ​ស្ម័គ្រចិត្ដ​ទទួលយក​ប្រាក់​ចំនួន​៥០០$ ដើម្បី​ព្យាបាល​របួស និង​ផ្ដិតមេដៃ​ដក​បណ្ដឹង​លើ​ឈ្មោះ ស៊ាន វុទ្ធី ផងដែរ​។ (​របាយការណ៍​បឋម​)
​ក្រោយមក​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ ស្រាប់តែ​ស្ដ្រីជន​រងគ្រោះ​ខាងលើ បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​ស្នងការដ្ឋាន​គរ​បាល​ខេត្ដ​ព្រះសីហនុ ថែមទាំង​បាន​បង្ហោះ​សារ និង​រូបភាព​តាម​បណ្ដាញ​សង្គម ពី​ករណី​ដដែល​នេះ​។

ក្រោយពេល​ទទួលបាន​ប​ណ្ដឹ​ង​នេះ មន្ដ្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ បានធ្វើ​ការកោះហៅ​ភាគី​ពាក់ព័ន្ធ​មក​បំភ្លឺ​ជាបន្ទាន់​ជុំវិញ​ករណីនេះ នៅ​ការិយាល័យ​ជំនាញ​។ បច្ចុប្បន្ន មន្ត្រីនគរបាល​បាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​អនុវត្ត​នីតិវិធី​សាកសួរ​។ ព័ត៌មាន​លម្អិត​នឹង​ផ្តល់ជូន​នៅពេល​បន្ទាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close