សាលាបារាំងចុងបូព៌ា ប្រគល់បុរាណវត្ថុ ១៤៦កេស ជូនអាជ្ញាធរជាតិអប្សរា
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុចំនួន១៤៦កេស កំណាត់សរសរឈើ ចំនួន១១ដើម និងសិលាចារឹក១ផ្ទាំងជូនអាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដើម្បីរក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ បុរាណវត្ថុទាំងអស់នេះ បានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ និងក្នុងអំឡុងពេលជួសជុលប្រាសាទមេបុណ្យខាងលិច។
លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានមានលើកឡើងថា នេះពុំមែនជាលើកទី១ ដែលសាលាបារាំងចុងបូព៌ាបានប្រគល់បុរាណវត្ថុ ដែលរកឃើញនៅប្រាសាទមេបុណ្យខាងលិចជូនអាជ្ញាធរជាតិអប្សរាទេ គ្រាន់តែលើកនេះ មានចំនួនច្រើនជាងលើកមុនៗ ហើយក៏ពុំមែនមានតែស្ថាប័នមួយនេះទេ ដែលបានប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរាដែលបានរកឃើញក្នុងពេលជួសជុល និងស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ។
លោកបានមានលើកបន្ថែមទៀតថា ជាទូទៅស្ថាប័នអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារជួសជុលប្រាសាទ និងសិក្សាស្រាវជ្រាវ នៅតំបន់អង្គរតែងប្រគល់បុរាណវត្ថុដែលរកឃើញជូនមកអាជ្ញាធរជាតិអប្សរាក្រោយពេលសិក្សារួច។ ដោយឡែក ក្នុងករណីស្ថាប័នអន្តរជាតិដែលបានប្រគល់វត្ថុបុរាណទាំងនោះមានបំណងមកសិក្សាពីវត្ថុសិល្បៈទាំងនោះបន្ថែមទៀត គឺយើងតែងតែអនុញ្ញាតតាមការស្នើសុំ។
បុរាណវត្ថុដែលសាលាបារាំងចុងបូព៌ាបានប្រគល់មកលើកនេះ ភាគច្រើនជាបំណែកភាជន៍ (មានស្រទាប់រលោង និងពុំមាន ស្រទាប់រលោង) វត្ថុសំណាក (ដីសម្រាប់វិភាគ) បំណែកចម្លាក់ថ្មភក់ និងថ្មភក់បំណែកលោកហៈធាតុ (ដែក ស្ពាន់ លង្ហិន) ជាពិសេស គឺព្រះពុទ្ធរូបធ្វើពីក្រមួនចំនួន១អង្គ ដាក់ក្នុងឆ្នាំងដីធំមួយជាមួយអំបោះឆៅបញ្ចុះក្នុងដី។ល។
គួរបញ្ជាក់ផងដែរថា ប្រាសាទមេបុណ្យខាងលិចត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ចន្លោះឆ្នាំ (១០៤៩-១០៦៦) នៅលើកោះតូចមួយកណ្តាលបារាយណ៍ទឹកថ្លាដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។