ក្រសួងទេសចរណ៍ រៀបចំ​កម្មវិធី​វគ្គ​បណ្តុះបណ្តាល ស្តីពី​របៀប​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​សមត្ថភាព​ផ្ទុក​តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ផ្សារ ហាង និង​អាជីវកម្ម​ទេសចរណ៍​

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត សហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ពុជា 4.0 បានរៀបចំ​កម្មវិធី​វគ្គ​បណ្តុះបណ្តាល ស្តីពី​របៀប​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​សមត្ថភាព​ផ្ទុក​តាម​គន្លង​ប្រក្រតីភាព​ថ្មី (Carrying Capacity Management System) សម្រាប់​ផ្សារ ហាង និង​អាជីវកម្ម​ទេសចរណ៍ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន​ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន​ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដោយមាន​សមាសភាព​ចូលរួម​ពី​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត អាជីវករ​នៃ​អាជីវកម្ម​ទេសចរណ៍ និង​អាជីវកម្ម​ដែលមាន​ឧបនិស្ស័យ​ទេសចរណ៍ នៅ​ទីតាំង​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ (Zoom) ប្រមាណ ៣២០​នាក់​។​

វគ្គ​បណ្តុះបណ្តាល​ស្តីពី​ប្រព​ន្ធ័​គ្រប់គ្រង​សមត្ថភាព​ផ្ទុក​តាម​គន្លង​ប្រក្រតីភាព​ថ្មី (Carrying Capacity Management System)​នេះ រៀបចំ​ក្នុង​គោលបំណង​ដើម្បីឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ អាជីវករ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​សមត្ថភាព​ផ្ទុក​តាម​គន្លង​ប្រក្រតីភាព​ថ្មី​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​​។

សូមបញ្ជាក់​ផងដែរ​ថា ប្រព័ន្ធគ្រប់គ្រង​សមត្ថភាព​ផ្ទុក​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ត្រូវបាន​រៀបចំឡើង​ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត​វិធានការ “៣​ការពារ ៣​កុំ​”, ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​, និង​ការអនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រ​តី​ភាព​ថ្មី ព្រមទាំង​ត្រៀមខ្លួន​បង្ការ​ទប់ស្កាត់​នូវ​ហានិភ័យ​នៃ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​ផ្សេងៗ ទៀត និង​បើកទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ ស្របទៅតាម​ដំណាក់កាល​ទី​២​នៃ​ការជំរុញ និង​ការ​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ (Recovery Phase) នៃ​ផែនទី​ចង្អុល​ផ្លូវ ស្តីពី ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ហើយក៏​ដូចជា​ការត្រៀម​ឆ្ពោះទៅ​ស្វាគមន៍​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែល​ចូលរួម​ដល់​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ស្តា​រស​ដ្ឋ​កិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើងវិញ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close