កូរ៉េខាងជើង ប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើកដំបូង
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ប្រទេសខ្លួនកំពុងឈានចូលដំណាក់កាលនៃ “ភាពអាសន្នជាអតិបរមា” បន្ទាប់ពីបានរកឃើញករណីឆ្លងដំបូងនៃជំងឺកូវីដ១៩។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ករណីឆ្លងដំបូងរបស់ប្រទេសខ្លួន គឺជាប្រភេទវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ដែលត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន នៅក្នុងរដ្ឋធានីព្យុងយ៉ាង។
បើតាមទីភ្នាក់ងារព័ត៌មានដដែលនេះ ការអនុវត្តប្រព័ន្ធគ្រប់គ្រងមេរោគគ្រាអាសន្នអតិបរិមា ត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំ នៃការិយាល័យនយោបាយរបស់គណបក្សកាន់អំណាច ដោយមានមេដឹកនាំកំពូលលោក គីម ជុងអ៊ុន ចូលរួម។
នេះជាលើកទីមួយហើយ ដែលកូរ៉េខាងជើង ទទួលស្គាល់ជាផ្លូវការ នូវករណីឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសខ្លួន។ ទន្ទឹមគ្នា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានហៅវាថា “ឧប្បត្តិហេតុសង្គ្រោះជាតិធ្ងន់ធ្ងរបំផុត”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។