សៀវភៅ​សត្វ​ស្លាប​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ បានចេញ​ផ្សាយ​ហើយ​

​សៀវភៅ​សត្វ​ស្លាប​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ គឺជា​ស្នាដៃ​មួយ​ដែល​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​ចងក្រង​ឡើង​ដោយបាន​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ប្រភេទ​សត្វ​ស្លាប ដែលមាន​វត្តមាន​នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ដល់​សារ​ធា​រណៈ​ជន​ទូទៅ ជាពិសេស​សិស្សានុសិស្ស នៃ​សាលា​ដែលមាន​មូលដ្ឋាន​ជុំវិញ​តំបន់​ការពារ​នេះ អ្នកសិក្សា​ស្រាវជ្រាវ ភ្ញៀវទេសចរ​និង​អ្នកធ្វើ​សេចក្តីសំរេចចិត្ត​។

​ក្នុង​សៀវភៅ​នេះ បណ្តុំ​ដោយ​រូបភាព ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​របាយ​ប្រជា​សាសន៍ ពេលវេលា​ដែលមាន​វត្តមាន ព័ត៌មាន​មូលដ្ឋាន​ក្នុង​ការធ្វើ​អត្តសញ្ញាណ និង​ចំណាត់ថ្នាក់​សម្រាប់​ការអភិរក្ស​នៃ​ប្រភេទ​សត្វ​ស្លាប​នីមួយៗ ដូចជា​ប្រភេទ​សម្បូរ​បង្គួរ ប្រភេទ​ជិត​រង​ការគំរាមកំហែង ប្រភេទ​ងាយ​រងគ្រោះ ប្រភេទ​ជិត​ផុត​ពូជ និង​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​។

​សៀវភៅ​នេះ មាន​រូបភាព​សត្វ​ស្លាប និង​ព័ត៌មាន​នៃ​សត្វ​ស្លាប​ចំនួន ៨៦​ប្រភេទ ក្នុងចំណោម ១៣២​ប្រភេទ ត្រូវបាន​អង្កេត​តាមដាន ដោយ​ក្រុមការងារ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ អស់​រយះពេល​ជាង​១៥​ឆ្នាំ​មកហើយ​។ រូបថត​សត្វ​ស្លាប​ទាំង ៨៦​ប្រភេទ​នេះ គឺ​ត្រូវបាន​ថត​ដោយផ្ទាល់​នា​តំបន់​ការពារ​នេះ​។

ខាងក្រោម​ជា​ចំណាប់អារម្មណ៍​របស់​វា​គ្មិ​ន​សំខាន់ៗ ដែល​បាន​អាន​សៀវភៅ​នេះ​៖
​លោក ឆ​យ មុន​លី ប្រធាន​មន្ទីរ​បរិស្ថាន​ខែត្រ​តាកែវ ៖ សៀវភៅ​នេះ ជា​ស្នាដៃ​អ្នក​ថតរូប​ដែលជា​ឧ​ទ្យា​នុ​រក្ស និង​អ្នក​ចងក្រង ដែលជា​អ្នកស្រាវជ្រាវ​វ័យក្មេង​ជនជាតិខ្មែរ តែ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ និង​ចូលរួម​បង្កើន​ចំនេះដឹង អំពី​សត្វ​ស្លាប​ទឹក​ដល់​អ្នកអាន​គ្រប់​វ័យ​។​

​លោក លឹម វ៉ាត នាយករង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ៖ សៀវភៅ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​លើកស្ទួយ​អំពី​តម្លៃ​ជីវៈចម្រុះ​ក្នុង​តំបន់ដីសើម​……​វា​នឹង​ជំរុញអោយមាន​ចូលរួម​យ៉ាងសកម្ម​ថែមទៀត​ក្នុងការ​ថែរក្សា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជាពិសេស​វត្តមាន​រប​ស់​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ​នេះ​។​

​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​អង្គ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា ៖ សៀវភៅ​នេះ​ជា​មគ្គុទេសក៍​សំរាប់​អ្នកទស្សនា​សត្វ​ស្លាប និង​ជា​ឯកសារ​អ​ង្គេ​ត​តាមដាន​ជីវចម្រុះ​ដ៏​សំខាន់​មួយ​ដែល​អាច​ប្រើប្រាស់​គាំទ្រ​ដល់​ការរៀបចំ​ផែនការ​គ្រប់​គ្រង់​និង​អភិរក្ស​នាពេល​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close