សម្តេចតេជោ ចង់ឱ្យមានការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យមានការសិក្សាធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសពិសេសនៅអាមេរិកនិងកាណាដាជាដើមដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនដែលចង់ទិញអចលនទ្រព្យនៅពេលត្រឡប់មកប្រទេសកំណើតវិញនៅថ្ងៃណាមួយ ខណៈបងប្អូនមិនមានឈ្មោះក្នុងបញ្ជីនៅកម្ពុជាឡើយ ។
សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ការងារនេះទៅឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិអោយធ្វើការជាមួយស្ថាប័នពាក់ ព័ន្ធពិសេសផ្នែកអត្តសញ្ញាណកម្មដើម្បីសម្រួលការងារនេះក្រោយពីសម្ដេចបានឮ ពីការលំបាករបស់ប្រជាពលរដ្ឋខ្មែរអាមេរិក ។
«បងប្អូនមកនេះអត់មានសញ្ជាតិខ្មែរទេ ព្រោះមកតាំងពីតូចឬមកអត់មានឈ្មោះបញ្ជីក្នុងស្រុកទេ ។អញ្ចឹងត្រូវធ្វើមិចឲ្យបង ប្អូនអាចមានអត្តសញ្ញាណបណ្ណខ្មែរបានព្រោះមួយចំនួនមានតែមួយចំនួនអត់មានទេ ។ ចឹងយើងត្រូវរកនីតិវិធីសម្រួលឲ្យបងប្អូនយើងដែលនៅក្រៅប្រទេសមានលទ្ធភាព ព្រោះខ្លះទៅស្រុកទិញដីទិញធ្លី ធ្វើផ្ទះ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅពេលទទួលបានអត្តសញ្ញាណសញ្ជាតិខ្មែរហើយនោះ ត្រូវទៅចុះឈ្មោះបោះឆ្នោតហើយការបោះ ឆ្នោតនេះទៀតសោតត្រូវទាមទារសិទ្ធិបោះឆ្នោតដោយផ្ទាល់មិនអាចបោះឆ្នោតតាមប្រៃសណីយនោះទេព្រោះជាច្បាប់បោះឆ្នោតរបស់កម្ពុជាគឺត្រូវបោះឆ្នោតផ្ទាល់។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានលើកឡើងថាការបោះឆ្នោតដោយផ្ទាល់នៅកម្ពុជានៅមានគេចោទប្រកាន់ថាលួចបន្លំសន្លឹកឆ្នោតចុះទម្រាំបោះតាមប្រៃសណីយ៍ទៀតនោះ តើការចោទប្រកាន់នេះដល់កម្រិតណាទៅ ។ ក្នុងន័យនេះហើយបានសម្ដេចណែនាំឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសពេលមានអត្តសញ្ញាណបណ្ណហើយត្រូវចុះឈ្មោះ និងចូលរួមបោះឆ្នោតដោយផ្ទាល់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។