ការស៊ើបអង្កេតរបស់ UN ចំពោះឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ត្រូវចិនច្រានចោល
សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរី …បង្កឡើងដោយប្រទេសលោកខាងលិច បានសម្លាប់ជនស៊ីវិលជាច្រើន ប៉ុន្តែ អង្គការសិទ្ធិមនុស្ស មិនដែល ចោទប្រកាន់ពីបទឧសក្រិដ្ឋកម្មសង្គ្រាម រំលោភសិទ្ធិមនុស្សនោះឡើយ ។ ចំណែកនៅអ៊ុយក្រែនបែជាចងស៊ើបអង្កេត តែត្រូវបានចិនបោះឆ្នោតច្រានចោល។
ប្រទេសចិនបានបោះឆ្នោតជំទាស់នឹងការស៊ើបអង្កេត របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អំពីឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមាន នៅភាគខាងជើងអ៊ុយក្រែន ដោយលើកឡើង ពីការព្រួយបារម្ភថាការស៊ើបអង្កេតនេះ គឺមានហេតុផលនយោបាយ។
មន្រ្តីទូតកំពូលរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ លោក ចេន ស៊ូ (Chen Xu) បានថ្លែងយ៉ាងដូច្នេះថា «យើងបានកត់សម្គាល់ឃើញថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នយោបាយប្រឈមមុខដាក់គ្នាក្នុងក្រុមប្រឹក្សានេះ មានការកើនឡើង ហើយវាបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្ត, ភាពមិនលំអៀង និងសាមគ្គីភាព»។ លោកបន្ថែមថា «ការស៊ើបអង្កេតជាក់ស្តែង នឹងរួមបញ្ចូលតែការចោទប្រកាន់ប្រឆាំងនឹងរុស្ស៉ីប៉ុណ្ណោះ»។
ការអត្ថាធិប្បាយរបស់ លោក ចេន ធ្វើឡើងមុនពេល ក្រុមប្រឹក្សាសិទ្ធិមនុស្សបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីអនុម័តលើដំណោះស្រាយដែលអំពាវនាវឲ្យមានការស៊ើបអង្កេត ចំពោះឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន ខណៈដែលឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំអង្គការសហប្រជាជាតិ បានអះអាងថា សមូហភាពលោកខាងលិច កំពុងរៀបចំផ្លូវនយោបាយ ដើម្បីធ្វើឲ្យរុស្ស៉ីចុះខ្សោយ ច្រើនជាងលើកឡើងពីមូលហេតុពិតប្រាកដនៃវិបត្តិអ៊ុយក្រែន ហើយរកមធ្យោបាយដោះសា្រយបញ្ហាទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។