រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលើកិច្ចការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម នៅក្នុងខេត្តកោះកុង
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំធ្វើការអនុវត្តដោយសកម្មបំផុតលើបេសកកម្មរបស់ក្រសួងដែលមានការគិតគូជាចក្ខុវិស័យគ្រប់ជ្រុងជ្រោយ និងដោយបានទទួលនូវកិច្ចសហប្រតិបត្តិការដ៏ល្អពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និងដៃគូរអភិវឌ្ឍន៍នានាក្នុងពិភពលោកផងនោះ បានធ្វើឲ្យការអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមមានការធានា និងដោះស្រាយលើបញ្ហាសន្តិសុខទឹកបានល្អប្រសើជាបណ្តើរៗលើគ្រប់ភូមិភាគទាំងអស់នៃផ្ទៃប្រទេសរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសឯកឧត្តមរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវយុទ្ធសាស្ត្រដូចតទៅនេះដើម្បីធានាបានលើសុវត្ថិភាពទឹកក្នុងបណ្តាខេត្តតំបន់សមុទ្រ ៖
១- ធ្វើការជួសជុលស្តារឡើងវិញ និងសាងសង់ឲ្យបានច្រើនលើប្រព័ន្ធទំនប់ប៉ូលឌែរ នៅក្នុងតំបន់ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង
២- ធ្វើការកសាងឲ្យបានច្រើននៅអាងស្តុកទឹកដែលត្រូវប្រមូលចាប់យកទឹកពីតំបន់ផ្ទៃរងទឹកភ្លៀងនៃតំបន់ Costal Correadors។
ជាក់ស្តែងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ដោយបានទទួលនៅការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងសហការី លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង និងអាជ្ញាធរដែនដីរបស់ខេត្តកោះកុង បានអញ្ជើញចុះធ្វើការពិនិត្យលើកិច្ចការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម របស់ខេត្តកោះកុង ដែលក្នុងពេលនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកសាងនូវផែនការការងារមេសម្រាប់ធ្វើការជួលជុលស្តារឡើងវិញលើប្រព័ន្ធទំនប់ការពារទឹកព្រៃទាំងអស់ កសាងស្ទាក់ទឹកលើព្រែកទាំងប្រាំរបស់ខេត្ត ជួសជុលស្ថារឡើងវិញលើអាងទឹកទាំងប្រាំរបស់ខេត្ត ធ្វើការជួសជុលស្តារឡើងវិញនូវស្រះទឹក និងបឹង បួ អូរធម្មជាតិនានារបស់ខេត្ត ដើម្បីដោះស្រាយបញ្ហាអសន្តិសុខទឹកដែលតែងតែយ៉ារយីជារៀងរាល់ឆ្នាំលើគ្រប់វិស័យទាំងអស់របស់ខេត្តកោះកុង រួចដាក់ឯកសារទាំងអស់នេះធ្វើការសុំនូវការសម្រេចដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសូងធនធានទឹក និងឧតុនិយម នាពេលដ៏ខ្លីបំផុតក្នុងពេលខាងមុខនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។