កូរ៉េខាងត្បូង នឹង​ជួយ​ប្រយុទ្ធ​នឹង​កូ​វីដ ដែល​កំពុង​ផ្ទុះ​ខ្លាំង នៅ​កូរ៉េខាងជើង​

​ជាថ្មី​ម្តងទៀត លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol បាន​និយាយថា ប្រទេស​របស់លោក​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​កូរ៉េខាងជើង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រាលដាល COVID-19 ហើយ​នៅតែ​បន្ត​បើកចំហ​ទ្វារ​ជំនួយ​មនុស្សធម៌​សម្រាប់​ទីក្រុង​ព្យុងយ៉ាង​។



លោក Yoon Suk-yeol ធ្វើការ​កត់សម្គាល់​ខាងលើ​នៅក្នុង​សុន្ទរកថា​មួយ នៅឯ​សម័យប្រជុំ​សភាពេញអង្គ នៅ​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា​នេះ​។​ ​លោក Yoon បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ប្រសិនបើ​កូរ៉េខាងជើង ស្នើឱ្យ​សុំ​ជំនួយ​ពី​ពួកយើង យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការផ្ដល់​ថ្នាំពេទ្យ ក្នុងនោះ​រួមមាន​ទាំង​វ៉ាក់សាំង​បង្ការ COVID-19, បរិក្ខារ​ពេទ្យ និង​បុគ្គលិក​សុខាភិបាល​ផងដែរ​»​។​

​កូរ៉េខាងជើង​បានទទួល​ស្គាល់​ពី​ការផ្ទុះ​រាលដាល COVID-19 ជា​លើកដំបូង​បំផុត​នៅក្នុង​ប្រទេស​របស់ខ្លួន កាលពី​សប្ដាហ៍​មុន ហើយ​ក្រុម​អ្នកជំនាញ​ជាច្រើន បារម្ភ​ថា​ស្ថានភាព​ឆ្លង​អាច​នឹងមាន​សភាព​កាន់​តៃ​ធ្ងន់ធ្ងរ ដោយសារតែ​ប្រទេស​នេះ​មិនមាន​បរិក្ខារ​វេជ្ជសាស្ត្រ​គ្រប់គ្រាន់ និង​ត្រូវបាន​គេ​រាយការណ៍​ថា មិនមាន​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ដល់​ប្រជាជន​របស់ខ្លួន​នោះទេ​។​

​គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​១៥ ឧសភា កូរ៉េខាងជើង​បាន​រាយ​ការណ៍​ពី​អ្នកស្លាប់​ដោយសារ COVID-19 កើន​ដល់ ៥០​នាក់ នៅក្នុង​ចំណោម មនុស្ស​ច្រើនជាង ៣៩២,៩២០​នាក់ ដែលមាន​រោគសញ្ញា​គ្រុនក្ដៅ​។ ប៉ុន្តែ​មិនទាន់​បញ្ជាក់ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ឆ្លង COVID-19 នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close