ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន និង​ពលរដ្ឋ​រាប់សិប​ពាន់​នាក់​ចូលរួម​ដង្ហែរ​សព​អ្នកសារព័ត៌មាន Al Jazeera រង​ការបាញ់សម្លាប់​

​ពលរដ្ឋ​រាប់សិប​ពាន់​នាក់ បាន​ចូលរួម​នៅក្នុង​ពិធី​ដង្ហែរ​សព​អ្នកសារព័ត៌មាន របស់ Al Jazeera ដោយមាន​ការចូលរួម​ពី​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​ផងដែរ ។​

​អ្នកសារព័ត៌មាន​ស្រី របស់​បណ្តាញ​ព័ត៌មាន Al Jazeera គឺ​អ្នកស្រី Abu Aqleh រង​ការបាញ់ប្រហារ​ចំ​មុខ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ កាលពី​ថ្ងៃទី​១៥​ខែឧសភា ក្នុងពេលដែល​កំពុងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​ស្រុក Jenin ភាគ​ខាងលិច​ជេ​រ៉ូ​សា​ឡឹម​។​

​ក្រោយ​ការបាញ់សម្លាប់​ភាគី អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន បាន​ស្តីបន្ទោស​ដាក់គ្នា​ទៅវិញទៅមក​ចំពោះ​ការបាញ់សម្លាប់​នេះ​។ ក្នុង​វីដេអូ​ឃ្លី​ប​មួយ​, គេ​ឃើញ​ខ្មាន់កាំភ្លើង​ប៉ា​ឡេ​ស្ទី​ន បាន​ដើរ​សំដៅទៅ​ទីតាំង​ដែល​អ្នកកាសែត Abu Akleh ត្រូវ​បាញ់សម្លាប់​។ ប៉ុន្តែ​វីដេអូ​នេះ​ត្រូវបាន​លុបចេញ​ភ្លាមៗ​ដោយ មជ្ឈមណ្ឌល​ព័ត៌មាន​អ៊ីស្រាអែល​សម្រាប់​សិទ្ធិមនុស្ស​ក្នុង​ដែនដី​កាន់កាប់​។​

​ប្រទេស​អ៊ីស្រាអែល បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​រួមគ្នា​ជាមួយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន លើ​ការស្លាប់​របស់ Abu Akleh​។​ទោះបីជា​យ៉ាងណាក៏ដោយ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas បាន​ច្រានចោល​សំណើ​នេះ​ទាំង​ខឹងសម្បា​ដោយ​និយាយថា “​យើង​សូម​ឲ្យ​អាជ្ញាធរ​អ៊ីស្រាអែល ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការសម្លាប់​នាង សូម្បីតែ​ចំពោះ​អំពើហិង្សា​លើ​មនុស្ស​រាប់ពាន់នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​កាន់ទុក្ខ​អ្នកស្រី ដែល​បាន​ស្លាប់​នៅ​តំបន់ West Bank នៃ​ទីក្រុង Ramallah ក៏ដោយ​”​។​

​លោក Abbas បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ថា “​ពួកគេ​មិនអាច​លាក់បាំង​ការពិត​ជាមួយ​ឧក្រិដ្ឋកម្ម​នេះ​បានទេ​។ ពួកគេ​គឺជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​ដោយសារតែ​យើង​មិន​ទុកចិត្ត​ពួកគេ យើង​នឹង​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ភ្លាមៗ​”៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close