កីឡា​រាំ​កម្ពុជា បានបញ្ចប់​លើ​វិញ្ញាសា Latin Dance

​កីឡាករ កីឡាការិនី​កីឡា​រាំ​កម្ពុជា​បាន​ចូលរួម​ប្រកួត​លើ​វិញ្ញាសា Latin Dance និង​បានបញ្ចប់​លើ​វិញ្ញាសា​នេះ កាលពី​ល្ងាច​ថ្ងៃទី​១៥​ឧសភា ក្នុងការ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​មិន​ទទួលបាន​មេដាយ​នោះទេ ប៉ុន្តែ​លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បង្ហាញ​ពី​មោទន ភាព ដែល​ក្រុមកីឡា​រាំ​កម្ពុជា​ប្រឹងប្រែង​អស់ពី​សមត្ថភាព​។​



លោកស្រី ហង់ ស៊ី​មន គូសបញ្ជាក់​ក្រោយ​បញ្ចប់​ការប្រកួត​ថ្ងៃទី​១​នេះ​ថា បើទោះបីជា​ក្រុមកីឡា​រាំ​កម្ពុជា​មិនអាច​ទទួលបាន​មេដាយ ស៊ី​ហ្គេម នៅ​វៀតណាម​នេះ​ក្តី ក៏​លោកស្រី​បាន​មើលឃើញ​ពី​ការខិតខំ​ប្រឹងប្រែង អស់ពី​លទ្ធភាព​របស់​ក្រុម​កីឡាករ កីឡាការិនី​ទាំងពី​គូ​កម្ពុជា​។ លោកស្រី​ជឿជាក់ថា តាមរយៈ​ការបញ្ចេញ​អស់ពី​សមត្ថភាព​នេះ ក្រុម​រាំ​កម្ពុជា​នឹង​អាច​បង្កើនបាន​កម្រិត​សិទ្ធ​ផល​ល្អៗ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

«​ក្នុងនាម​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ខ្ញុំ​មាន​សេ​ក្តី​ត្រេកអរ​ចំពោះ ការខិតខំ​អស់ពី​លទ្ធភាព​របស់​ក្រុម​រាំង​កម្ពុជា​។ នេះ​ជា​លើក​ទី​២ របស់​ប្រភេទ​កីឡា​រាំ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម រៀងរាល់​២​ឆ្នាំ​ម្តងនេះ​។ ជារួម​បច្ចេកទេស​របស់​ក្រុម​រាំ​កម្ពុជា​ទាំងពីរ​គូ​មានការ​រីកចម្រើន​ជាង​មុនៗ​»​។ នេះ​ជាការ​បន្ថែម​របស់​អគ្គ​លេខាធិការ​កីឡា​រាំ​។​

​ជាមួយគ្នា​នោះ លោកស្រី​ក៏បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ផ្តល់​ការលើកទឹកចិត្ត​ខ្ពស់​ជូន​ដល់​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ទាំងអស់ ក្នុងការ​បំពេញបេសកកម្ម​ជូន​ជាតិ ក្នុងការ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។​

​គួរ​បញ្ជាក់ថា កីឡាករ សេង សុ​គីម និង​កីឡាការិនី ម៉ូ​វ ដា​នី​តា បាន​ចាប់​ដៃគូ​គ្នា​ប្រកួត​លើ​វិញ្ញាសា Latin Dance ចង្វាក់ Ramba, Paso Doble និង​Jive ខណៈ​កីឡាករ ជុំ លី​ហៀ​ង និង​កីឡាការិនី ឱ រក្សា ប្រកួត​លើ​វិញ្ញាសា Latin Dance ចង្វាក់ Samba, cha cha cha, និង 5 Dances grade A​។ ក្រុម​ជម្រើសជាតិ​រាំ នៅសល់​១​វិញ្ញាសា​ទៀត លើ​វិញ្ញាសា standard Dance នា​ល្ងាច​ថ្ងៃទី​១៦ ខែឧសភា​នេះ ដែល​នឹងចូលរួម​ដោយ​កីឡាករ ភុ​ន ស៊ីវ​ត្រា និង​កីឡាការិនី សាន រ៉ូ​ហ្សា​, កីឡាករ ជុំ ភូ​ណាន់ និង​កីឡាការិនី ហ៊ាន ល​ក្ម្សី ដោយ​ត្រូវ​ប្រកួត​លើ​៤​វិញ្ញាសា ក្នុងចំណោម​៦​វិញ្ញាសា ដែល​ម្ចាស់ផ្ទះ វៀតណាម​បានរៀបចំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close